ADB បង្ហាញសមាជិកដំបូង សម្រាប់កម្មវិធីជំរុញសេវាធនគារអាកាសធាតុ នៅកម្ពុជា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសលទ្ធផល នៃដំណើរការជ្រើសរើសសមាជិកដំបូង នៃកម្មវិធីជំរុញសេវាធនាគារអាកាសធាតុ (Climate Bank Accelerator ហៅកាត់ CBA)។
គំនិតផ្តួចផ្តើមដើម្បីការផ្លាស់ប្តូរនេះ
ត្រូវបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពហិរញ្ញវត្ថុអាកាសធាតុ និងនិរន្តរភាព
នៅក្នុងវិស័យធនាគាររបស់កម្ពុជា។
កម្មវិធីនេះគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង
ដើម្បីធ្វើឱ្យឧស្សាហកម្មហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា មានភាពពណ៌បៃតង ដែលរួមមាន
ការអភិវឌ្ឍផែនទីបង្ហាញផ្លូវ សម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable
Finance Roadmap) និងការអនុវត្តវដ្តករសាស្ត្រសម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាព
(Sustainable Finance Taxonomy) ដែលដឹកនាំដោយធនាគារជាតិនៃកម្ពុជា។
បន្ទាប់ពីការអំពាវនាវជាចំហសម្រាប់ការបង្ហាញចំណាប់អារម្មណ៍
ស្ថាប័នហិរញ្ញវត្ថុចំនួនបី
ត្រូវបានជ្រើសរើសដោយផ្អែកលើការបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគាត់ទៅនឹងនិរន្តរភាព
កម្រិតនៃការត្រៀមខ្លួនរបស់ស្ថាប័ន
សង្គតិភាពទៅនឹងគោលដៅយុទ្ធសាស្ត្រហិរញ្ញវត្ថុអាកាសធាតុនិងហិរញ្ញវត្ថុបៃតង
ព្រមទាំងសមត្ថភាពសម្រាប់នវានុវត្តន៍។ ស្ថាប័នដែលបានជ្រើសរើសរួមមាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា(FTB)
ភីអិលស៊ី, និង ធនាគារ មេយប៊ែង (ខេមបូឌា)
ភីអិលស៊ី។
លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «យើងមានសេចក្តីរីករាយ
ក្នុងការចាប់ដៃគូជាមួយស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយចំនួនរបស់កម្ពុជា
ដើម្បីជំរុញហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព
និងគាំទ្រការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចដែលមានកាបូនទាប ហើយធន់នឹងអាកាសធាតុ។ ADB
សូមថ្លែងអំណរគុណចំពោះសមាគមធនាគារនៅកម្ពុជា និងធនាគារជាតិនៃកម្ពុជា
សម្រាប់ភាពជាដៃគូ និងការគាំទ្ររបស់ស្ថាប័នទាំងពីរ
ហើយយើងត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅក្នុងវិស័យនេះ។
ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុបៃតង គឺជាគោលបំណងសំខាន់នៃផែនការអភិវឌ្ឍន៍វិស័យឯកជនរបស់ ADB
ក្រោមយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ
២០២៤-២០២៨ របស់យើង»។
កម្មវិធី CBA ដែលទើបចាប់ផ្តើមនេះ
នឹងឈានចូលដល់ដំណាក់កាលអនុវត្តការប្រឹក្សា ដែលមានគោលបំណងគាំទ្រធនាគារដែលបានជ្រើសរើសទាំងនេះ
ដើម្បីពង្រឹងសមត្ថភាពក្នុងការពង្រីកហិរញ្ញវត្ថុអាកាសធាតុ
អភិវឌ្ឍផលិតផលហិរញ្ញវត្ថុបៃតងប្រកបដោយនវានុវត្តន៍
និងលើកកម្ពស់ការអនុវត្តការវាយតម្លៃហានិភ័យអាកាសធាតុ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ
មានប្រសាសន៍ថា «អេ អឹម ខេ មានកិត្តិយសណាស់
ដែលត្រូវបានជ្រើសរើសជាស្ថាប័នដំបូង
សម្រាប់កម្មវិធីជំរុញសេវាធនាគារអាកាសធាតុហើយយើងមានក្តីសោមនស្សរីករាយដែលបានចាប់ដៃគូជាមួយ
ADB ដើម្បីដឹកនាំការរីកលូតលាស់នៃគម្រោងអាកាសធាតុ
និងហិរញ្ញវត្ថុអាកាសធាតុនៅកម្ពុជា។កម្មវិធីនេះក៏គាំទ្រដល់បេសកកម្មរបស់ អេ អឹម ខេ
ក្នុងការជួយអតិថិជនរបស់យើងកាត់បន្ថយ
និងសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផងដែរ»។
ជាមួយក្តីរីករាយដូចគ្នាដែរ លោក ឌិត សុចល
ប្រធាននាយកប្រតិបត្តិរបស់ ធនាគារ FTB បានបន្ថែមថា «ភាពជាដៃគូយុទ្ធសាស្ត្រនេះជំរុញដំណើររបស់យើងឱ្យក្លាយជាធនាគារបៃតងឈានមុខគេនៅកម្ពុជា
តាមរយៈការពង្រឹងការគ្រប់គ្រងហានិភ័យអាកាសធាតុ
ការកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលអាចជឿទុកចិត្តបាន និង
ពង្រីកដំណោះស្រាយហិរញ្ញប្បទានបៃតងជាក់ស្តែង។ ដោយធ្វើការរួមគ្នា
យើងអាចប្រែក្លាយមហិច្ឆតាអាកាសធាតុ ទៅជាដំណោះស្រាយដែលអាចធ្វើបាននិងមានជោគជ័យអាជីវកម្ម
ដែលជំរុញកំណើនជាមួយនឹងកាបូនទាបនិងភាពធន់សម្រាប់កម្ពុជា»។
លោក រ័ត្ន សោភ័ណ ដែលជាប្រធាននាយកប្រតិបត្តិ
នៃធនាគារមេយប៊ែង មានប្រសាសន៍ថា «ការផ្តល់ហិរញ្ញប្បទានបៃតងគឺជាចំណុចសំខាន់នៃការប្តេជ្ញាចិត្តប្រកបដោយចីរភាពរបស់យើង។
ការចូលរួមក្នុងកម្មវិធីជំរុញសេវាធនាគារអាកាសធាតុរបស់ ADB គឺជាសកម្មភាពយុទ្ធសាស្ត្រដែលលើកកំពស់សមត្ថភាព
បង្កើនចំណេះដឹង និងពង្រឹងភាពជាដៃគូរបស់យើង
ដើម្បីសម្រេចបាននូវមហិច្ឆតានេះនៅក្នុងប្រទេសកម្ពុជា។
វាអាចឱ្យយើងបញ្ជូនមូលធនទៅក្នុងគម្រោងអាកាសធាតុវិជ្ជមាន គាំទ្រដល់ការផ្លាស់ប្តូរបៃតងរបស់ប្រទេស
និងបង្កើតតម្លៃរយៈពេលវែងសម្រាប់សហគមន៍ សេដ្ឋកិច្ច និងបរិស្ថានរបស់យើង»។
ដើម្បីសម្រេចបានផលជះកាន់តែទូលំទូលាយ
កម្មវិធីនេះក៏នឹងរួមបញ្ចូលម៉ូឌុលបណ្តុះបណ្តាលដែលត្រូវបង្កើតរួមគ្នា
និងផ្តល់ជូនដល់ធនាគារសមាជិករបស់ ABC សម្រាប់ឆ្នាំ
២០២៥-២០២៦ ដូច្នេះដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរវិស័យ
និងការចែករំលែកចំណេះដឹង៕




Post a Comment