ព្រឹត្តិការណ៍លែងកូនត្រី និងសម្លចាណាង ឆ្នាំងយក្ស លើកទី១ ឆ្នាំ២០២៥

អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី ៖ កាលពីព្រឹកថ្ងៃទី១ ខែកក្កដាឆ្នាំ ២០២៥ មានព្រឹត្តិការណ៍ ចំនួន២ នៅរមណីយដ្ឋានធម្មជាតិបឹងកន្សែងព្រឹត្តិការណ៍ទី ១ ទិវាមមច្ឆាជាតិ ១កក្កដាឆ្នាំ ២០២៥ រៀបចំដោយ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ក្រោមអធិបតីភាពឯកឧត្ត មញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី 

ក្នុងឱកាសនោះ ខណ្ឌរដ្ឋបាលជលផលខេត្តរតនគិរីបានលែងកូនត្រីចំរុះមួយចំនួនដូចជា កូនត្រីឆ្ពិន ១ម៉ឺនក្បាល កូនត្រីក្រាញ់ ៥ពាន់ក្បាល កូនត្រីប្រា ៥ពាន់ក្បាល កូនត្រីអណ្ដែង ២ ម៉ឺនក្បាល លៀសចំនួន ៤០ គីឡូ និងត្រីពូជចម្រុះចំនួន ២០ គីឡូផងដែរ។

ព្រឹត្តិការណ៍ទី២ បន្ទាប់ពីឯកឧត្តម និងក្រុមការងារបានលែងកូនត្រី ចូលក្នុងរមណីយដ្ឋាន បឹងកន្សែងរួចមក ក៏បានធ្វើដំណើរ មកប្រារព្ធពិធី នៃព្រឹត្តិការណ៍សម្ល ចាណាង ឆ្នាំយក្សលើកទី១ ឆ្នាំ២០២៥ ដែលធ្វើឡើងនៅរមណីយដ្ឋានបឹងកន្សែងដដែល ទីតាំងគ្រួសារដំរី ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី  ក្រុមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមគិតទ្រី តំណាងរាស្ត្រមណ្ឌល រតនគិរី និងឯកឧត្តម ញ៉ែមសំអឿន អភិបាលខេត្តរតនគីរី។

ឯកឧត្តមញ៉ែម សំអឿន បានថ្លែងទៅកាន់មហាជនដែលបានចូលរួមនៅក្នុងកម្មវិធីនោះ ថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការជំរុញឲ្យភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការ ប្រជាពលរដ្ឋទូទៅ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ កាន់តែយល់ច្បាស់ ពីអត្ថប្រយោជន៍ នៃវិស័យទេសចរណ៍ ជាពិសេស ការយល់ដឹងបន្ថែម ពីសម្លចាណាង សម្លចាណាង គឺជាអត្តសញ្ញាណមួយ របស់បងប្អូនជនជាតិដើមភាគតិចនៅខេត្តរតនគិរី។

ក្នុងឱកាសនេះដែរ ឯកឧត្តម ហួត ហាក់ បានថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅ ចំពោះឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តរតនគិរី អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះ ឡើងក្នុងរដូវកាល បៃតង ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានចូលរួមយ៉ាងច្រើនកុះករ ដែលជាការជំរុញចលនា ទេសចរណ៍ក្នុងស្រុក និងលើកកម្ពស់ការប្រើប្រាស់រដូវកាលបៃតង ដើម្បីបង្កើតបរិយាកាស ផលិតផលខ្មែរ ហើយព្រឹត្តិការណ៍សម្ល ចា ណាង ឆ្នាំងយក្ស លើកទី១ នេះជាព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារ ពិតជាមានលក្ខណៈពិសេស ដោយឡែកមួយ ដែលបានបង្ហាញអំពីអត្តសញ្ញាណរបស់ខេត្តរតនគិរី គឺសម្ល ចា ណាង របស់បងប្អូនជនជាតិដើមភាគតិច ដែលមានតាំងពីយូរលង់ណាស់មកហើយ និងមាន ឱជារស ឈ្ងុយឆ្ងាញ់ ផងដែរ៕











Powered by Blogger.