សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តកំពង់ធំ។
គម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថ្មីនេះ
ត្រូវបានគិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យមានភាពសក្តិសមទៅនឹងតម្រូវការចាំបាច់
និងមានពហុមុខងារគ្រប់គ្រាន់ឆ្លើយតបនឹងតម្រូវការនៃការងារប្រកបដោយប្រសិទ្ធភាព។
គម្រោងសាងសង់នេះ ត្រូវបានរចនាប្លង់សាងសង់តាមរចនាបថខ្មែរ ដោយក្រុមហ៊ុនរចនាប្លង់ «មនា ខន់ស្រ្កាក់សិន» និងអនុវត្តសាងសង់ដោយកងវិស្វកម្មតេជោ
ហ៊ុន សែន សៀមរាប ដោយរួមមានអគារសំខាន់ៗចំនួន ២ ដូចខាងក្រោម៖
ទី១៖ អគារទីស្នាក់ការធំ៖
ត្រូវបានរចនាបថនៃស្ថាបត្យកម្មសម័យអាណានិគម ផ្សារភ្ជាប់ជាមួយនឹងស្ថាបត្យកម្មប្រភេទដំបូលប៉ិតរបស់ខ្មែរ
ដែលជាប្រភេទដំបូលដ៏ពេញនិយមមួយនៅក្នុងស្ថាបត្យកម្មខ្មែរ និងមានកម្ពស់ ២ជាន់
(ជាន់ផ្ទាល់ដី និងជាន់ទី១) មានក្រឡាផ្ទៃបាតសរុបទំហំ ៣,១៦៨ ម៉ែត្រក្រឡា ហើយមានតួនាទីសំខាន់សម្រាប់បម្រើដល់ការជួបជុំធំៗ
ដែលអាចទទួលមនុស្សបានពី ៨០០ ដល់ ១ ០០០នាក់ និងជាការិយាល័យធ្វើការ បន្ទប់រង់ចាំ
សាលប្រជុំតូច។
ទី២៖ អគាររដ្ឋបាល៖
ត្រូវបានរចនាឡើងស្របតាមស្ថាបត្យកម្មខ្មែរដែលមានដំបូលប្រភេទរោងឌឿង
និងមានក្រឡាផ្ទៃសរុបទំហំ ៤៧១ម៉ែត្រក្រឡា។
អគារនេះមានមុខងារបម្រើឱ្យការងារទូទៅប្រចាំថ្ងៃរបស់គណបក្សខេត្ត រួមមាន៖
បន្ទប់សម្រាប់មន្ទីររដ្ឋបាល, មន្ទីររណសិរ្ស, គណៈឃោសនាអប់រំ, គណៈចាត់តាំង, គណៈត្រួតពិនិត្យ, គណៈចលនាមហាជន, គណៈហិរញ្ញវត្ថុ និងបន្ទប់ប្រជុំ។
ក្រៅពីអគារសំខាន់ទាំងពីរខាងលើនេះ
ក៏មានការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធមួយចំនួនទៀត ដូចជា៖ អគារផ្ទះបាយដែលមានក្រឡាផ្ទៃសរុបទំហំ
៣០៥ម៉ែត្រក្រឡា, អគារទទួលទានអាហាររួមមានក្រឡាផ្ទៃសរុបទំហំ
២១៩ ម៉ែត្រក្រឡា, រោងសម្រាប់ដាក់គ្រឿងចក្រ
និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធគាំទ្រ រួមមានផ្លូវ, របង,
សួនច្បារ, ខ្យូសកម្សាន្ត ចំណតរថយន្ត
និងទីធ្លាសម្រាប់រៀបចំមីទ្ទីងផ្សេងៗដែលអាចផ្ទុកមនុស្សចំនួនប្រមាណ ១ម៉ឺននាក់។
ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា
ខេត្តកំពង់ធំថ្មីនេះ គ្រោងនឹងសាងសង់ឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៦
ដែលត្រូវចំណាយថវិកាប្រមាណ ២ ៦៦៧ ៩៧៦ដុល្លារ
រួមបញ្ចូលថវិកាចំណាយលើទីប្រឹក្សាបច្ចេកទេស (Consultant) ប៉ុន្តែមិនទាន់បូករួមលើការចំណាយក្នុងការចាក់ដីបំពេញ
និងកែលម្អដី ព្រមទាំងពន្ធអាករក្នុងករណីច្បាប់តម្រូវឱ្យបង់នៅឡើយ៕
Post a Comment