កូនកើតមុនឪ..! ស្ថានីយប្រេងឥន្ធនៈមួយកន្លែងនៅស្រុកកូនមុំ កំពុងធ្វើការសាងសង់ទាំងមិនទាន់មានច្បាប់អនុញ្ញាតក្នុងដៃ សូមអាជ្ញាធរជួយពិនិត្យមើលផង

អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី៖ ថ្មីៗនេះមានការរិះគន់ទៅលើសំណង់ស្ថានីយប្រេងឥន្ធនៈមួយកន្លែងមានទីតាំងស្ថិតនៅក្នុងឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី បានធ្វើការសាងសង់ទាំងមិនទាន់មានច្បាប់អនុញ្ញាតពីអាជ្ញាធរ និងជំនាញពាក់ព័ន្ធក្នុងដៃនៅឡើយ ធ្វើឱ្យមហាជនមួយចំនួនលើកឡើងថា ជារឿងកូនកើតមុនឪ។

រឿងដែលកាន់តែហួសចិត្តនោះ គឺការបែកធ្លាយព័ត៌មានលោកអនុប្រធានមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្តរតនគិរីមួយរូបឆ្លៀតយកម៉ោងការងាររដ្ឋទៅរត់ការឯកសារសាងសង់ស្ថានីយខាងលើ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន។

លោក ឆោ វ័ន្ត ជាម្ចាស់សំណង់ស្ថានីយ៍ឥន្ធនៈ ដែលកំពុងសាងសង់ខាងលើបានប្រាប់ឱ្យដឹងថា (ឯកសាររបស់លោកមិនទាន់រត់ការបានរួចរាល់ទេ ដោយលោកបានពឹងទៅលោកវៃជាអ្នករត់ការមួយចប់)។ លោកបញ្ជាក់ថា (ចំពោះសំណង់ដែលកំពុងតែសាងសង់ លោកបានសួរទៅលោកវៃដែរថា តើខ្ញុំអាចសាងសង់បានដែរឬទេ ? លោកវៃប្រាប់ថា ឲ្យសាងសង់ចុះមិនអីទេ អញ្ចឹងហើយទើបខ្ញុំហ៊ានសាងសង់ បើលោកវៃមិនអនុញ្ញាតឱ្យខ្ញុំសាងសង់ទេ ធ្វើម្ដេចខ្ញុំហ៊ានសាងសង់នោះ)។

ពាក់ព័ន្ធការសាងសង់សំណង់ស្ថានីយឥន្ធនៈខាងលើនេះដែរ លោក នូ ថេរ អភិបាលស្រុកកូនមុំ បានប្រាប់ឱ្យដឹងថា (រឿងនេះខ្ញុំមិនទាន់ដឹងនោះទេ ចាំសួរទៅដែនដីមើល)។ ចំណែកលោក អ៑ុង ហួរ ប្រធានមន្ទីរឧស្សាហកម្មរ៉ែនិងថាមពល បានប្រាប់ថា (ពាក់ព័ន្ធនឹងច្បាប់សុំបើកស្ថានីយលក់ប្រេងនេះ គេបានដាក់ពាក្យស្នើសុំហើយ ដោយឡែកការសាងសង់សំណង់ខ្ញុំមិនដឹងទេទាល់តែសួរទៅខាងសំណង់)។

ទោះយ៉ាងណាមតិជាច្រើនបានលើឡើងថា បើច្បាប់មិនទាន់ធ្លាក់ដល់ដៃទេ អាជ្ញាធរគួរតែធ្វើការទប់ស្កាត់កុំទាន់ឱ្យមានការសាងសង់ ព្រោះចង់មិនចង់មហាជនអាចមានការយល់ច្រឡំទៅលើអាជ្ញាធរថា មានការឃុបឃិតគ្នា៕



Powered by Blogger.