ប្រមុខសិទ្ធិមនុស្ស UN ទាមទារឱ្យ ត្រាំ ដកទណ្ឌកម្មដែលដាក់លើចៅក្រមតុលាការ ICC
ប្រភព៖ AFP
យូអិន៖ ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានទាមទារឱ្យសហរដ្ឋអាមេរិក ដកចេញវិញនូវទណ្ឌកម្មដែលបានដាក់ទៅលើ ចៅក្រម៤រូបរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក្រោមហេតុផលថា ទង្វើបែបនោះគឺផ្ទុយស្រឡះពីនីតិរដ្ឋ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ
រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មលើ
ចៅក្រម៤រូបរបស់តុលាការ ICC ជាការសងសឹកមួយទៅនឹង
តុលាការអន្តរជាតិមួយនេះ បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin
Netanyahu និងការសម្រេចចិត្តមួយពាក់ព័ន្ធនឹង
ការបើកសំណុំរឿងលើបទចោទប្រកាន់ពី ឧក្រិដ្ឋកម្មសង្រ្គាមប្រព្រឹត្តដោយកងទ័ពអាមេរិក
ក្នុងប្រទេសអាហ្វហ្កានីស្ថាន។
ឧត្តមស្នងការទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សរបស់ UN លោក Volker Turk បាននិយាយក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា «ខ្ញុំអំពាវនាវឱ្យមានការពិចារណាឡើងវិញជាបន្ទាន់
និងការដកចេញវិញនូវវិធានការទាំងនេះ។ ការវាយប្រហារនៅក្នុងកម្រិតជាតិឬអន្តរជាតិ
ប្រឆាំងចៅក្រមដែលគ្រាន់តែបំពេញភារកិច្ចច្បាប់របស់ពួកគេ
គឺផ្ទុយស្រឡះទាំងស្រុងជាមួយនីតិរដ្ឋ និងគោលការណ៍គាំពារដោយស្មើភាពរបស់ច្បាប់
ខណៈជាយូរមកហើយ សហរដ្ឋអាមេរិកបានប្រកាន់ខ្ជាប់នូវគុណតម្លៃទាំងនេះ»៕
Post a Comment