បណ្តឹងរបស់កម្ពុជា ក្នុងវិវាទព្រំដែនជាមួយថៃ បានដល់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយ
ភ្នំពេញ ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសថា កម្ពុជា មិនដកថយទេ ខណៈលិខិតផ្លូវការរបស់កម្ពុជា ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចធិបតី ហ៊ុន
ម៉ាណែត បានឱ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទើបរាយការណ៍មកថា
នៅថ្ងៃចន្ទ ទី ១៦ មិថុនា ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ
(ត្រូវនឹងម៉ោង ៤:៣០នាទី ល្ងាចនៅរាជធានីភ្នំពេញ)
លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)
ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ
ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកស្រី ស្រេង ធីតា
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe
Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
សម្ដេច គូសបញ្ជាក់ថា «កម្ពុជាមិនដកថយទេ ពាក់ព័ន្ធនឹងការស្នើសុំអោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ រាជរដ្ឋាភិបាលនឹងបន្តកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរ»៕
Post a Comment