ថ្នាក់ដឹកនាំខេត្តរតនគិរី ណែនាំមន្ទីរអង្គភាពជុំវិញខេត្តយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពលើផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ

អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី ៖ ឯកឧត្តម ម៉ា វិចិត្រ បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តយកចិត្តទុកដាក់ និងចូលរួមឱ្យបានសកម្មក្នុង ការផ្តល់យោបល់បន្ថែម និងធ្វើបច្ចុប្បន្នភាព លើការរៀបចំផែនការត្រៀមបម្រុងសម្រាប់ ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ដើម្បីធ្វើការផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ការលើកលើកឡើងរបស់ ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្តរតនគិរី យ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំ ពិនិត្យ និងធ្វើបច្ចុប្បន្នភាព ធនធានមនុស្ស ធនធានសម្ភារៈ ដែលមានស្រាប់ ដើម្បីធ្វើបច្ចុប្បន្នភាពផែនការឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះមហន្តរាយប្រចាំឆ្នាំ២០២៥  ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារBសាលាខេត្ត រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តម បន្តថា បច្ចុប្បន្នភាពផែនការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយប្រចាំឆ្នាំ២០២៥ ក្នុងគោល បំណង បង្កើតផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយទឹក ជំនន់ និងគ្រោះរាំងស្ងួត ក្នុងការប្រើប្រាស់ សម្រាប់ជាជំនួយដល់ដំណើរការក្នុងការ គ្រប់គ្រងប្រតិបត្តិការឆ្លើយតបគ្រោះ អាសន្នឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់។ ហើយផែនការត្រៀមបម្រុងនេះក៏ជាផែនទីបង្ហាញផ្លូវសម្រាប់ការសម្រេចចិត្ត និងជាមូលដ្ឋានក្នុង ការបង្កើតនូវ ផែនការឆ្លើយតបគ្រោះអាសន្ននៅពេលដែលគ្រោះមហន្តរាយកើតឡើង។

ឯកឧត្តម ម៉ា វិចិត្រ បានថ្លែងអំណរគុណដល់ ក្រុមការងារបច្ចេកទេសថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក និងដៃគូអភិវឌ្ឍន៍នានា ដែលកន្លងមកបានសហការគ្នាយ៉ាងសកម្ម ក្នុងការបង្កើតផែនការត្រៀមបម្រុង សម្រាប់ ឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ ស្របតាមគោលការណ៍ ណែនាំក៏ដូចជាស្ថាន ភាពជាក់ស្តែងរបស់ខេត្ត សម្រាប់យកមកអនុវត្តឱ្យទទួលបានជោគជ័យ៕








Powered by Blogger.