ចិន ប្រាប់ពលរដ្ឋរបស់ខ្លួនឱ្យចាកចេញពីអ៊ីស្រាអែល ឱ្យបានឆាប់

 ប្រភព៖ AFP

ប៉េកាំង៖ ស្ថានទូតចិនប្រចាំប្រទេសអ៊ីស្រាអែល នៅថ្ងៃអង្គារ ទី១៧ ខែមិថុនា បានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអ៊ីស្រាអែល ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈអ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្តវាយប្រយុទ្ធគ្នា។

ស្ថានទូតចិនបានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងមួយបង្ហោះលើ WeChat ដូច្នេះថា «បេសកកម្មចិនក្នុងប្រទេសអ៊ីស្រាអែល សូមអំពាវនាវឱ្យពលរដ្ឋចិនចាកចេញពីអ៊ីស្រាអែល ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន តាមរយៈព្រំដែនគោកក្នុងទិសដៅឆ្ពោះទៅកាន់ប្រទេសហ្ស៊កដានី»។

សូមជម្រាបថា ការវាយប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់បានឈានចូលដល់ថ្ងៃទី៥ នៅថ្ងៃអង្គារនេះ។ ស្ថានទូតចិនបាននិយាយថាជម្លោះកំពុងបន្តកើនឡើង ដោយហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រងការខូចខាត ហើយចំនួនស្លាប់ និងរងរបួសក្នុងចំណោមជនស៊ីវិលបន្តកើនឡើង ស្របពេលស្ថានការណ៍សន្តិសុខកាន់តែយ៉ាប់យ៉ឺនទៅៗ៕



 

Powered by Blogger.