ត្រាំ ជំទាស់ផែនការរបស់អ៊ីស្រាអែល ដើម្បីសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ មន្ត្រីអាមេរិក ២នាក់ កាលពីថ្ងៃអាទិត្យ ទី១៥ ខែមិថុនា បានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំទាស់ទៅនឹងផែនការមួយរបស់អ៊ីស្រាអែលកាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បី សម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei។
ក្នុងចំណោមមន្ត្រីអាមេរិកទាំង២នេះខាងលើ
មានម្នាក់ដែលជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក ត្រាំ បានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ថាតើអ៊ីរ៉ង់បានសម្លាប់ជនជាតិអាមេរិកណាម្នាក់ ហើយឬនៅ? ពិតណាស់ គឺមិនទាន់មានទេ ដូច្នេះទាល់តែពួកគេសម្លាប់ជនជាតិអាមេរិកណាម្នាក់
បើពុំដូច្នោះទេ យើងនឹងមិនពិចារណាពីការតាមប្រមាញ់មេដឹកនាំនយោបាយរបស់ពួកគេទេ»។ មន្ត្រីអាមេរិករូបនេះ បញ្ជាក់ទៀតថា
ក្រុមមន្ត្រីកំពូលៗរបស់សហរដ្ឋអាមេរិកកំពុងធ្វើការទំនាក់ទំនងជាប់លាប់ជាមួយក្រុមមន្ត្រីអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ
ចាប់តាំងពីអ៊ីស្រាអែលបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់
ក្នុងគោលបំណងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ តាមមន្ត្រីរូបនេះដដែល
ក្រុមមន្ត្រីអ៊ីស្រាអែលត្រូវបានរាយការណ៍ថាពួកគេមានឱកាសមួយដើម្បីសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់
តែលោក ត្រាំ បានជំទាស់។
សូមជម្រាបថា
ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ កិច្ចចរចារនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក
និងអ៊ីរ៉ង់ ដែលគ្រោងធ្វើឡើងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅក្នុងប្រទេសអូម៉ង់
ត្រូវបានលុបចោល ហើយលោក ត្រាំ
បាននិយាយថាលោកផ្ទាល់រំពឹងថាកិច្ចចរចានេះនឹងអាចចាប់ផ្ដើមឡើងវិញ៕
Post a Comment