ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ ថៃអាចមានលទ្ធភាពីរគឺ នាយករដ្ឋមន្ត្រីលាលែងចេញពីតំណែង និងរំលាយសភា ដើម្បីបោះឆ្នោតសាជាថ្មី
អត្ថបទ៖ ថោង វណ្ណា
ភ្នំពេញ៖ ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ពុយ គា បានបង្ហើបឱ្យដឹងថា ថៃអាចមានលទ្ធភាពពីរគឺ នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn លាលែងចេញពីតំណែង និងរំលាយសភា ដើម្បីបោះឆ្នោតសាជាថ្មី ហើយបេក្ខភាពមានចំនួន៦រូប មកពីគណបក្សផ្សេងៗគ្នារួមមាន៖ លោក Andotin មកពីភូមចៃថៃ, លោក Chancasam មកពីគណបក្សភឿថៃ, លោក Pravidvongsavuth អតីតរដ្ឋមន្ត្រីការពារជាតិ, លោក Prayuthchanoucha អតីតនាយករដ្ឋមន្ត្រី, លោក Phiraphan មកពីគណបក្សរួបរួមជាតិ និងលោក Chorrinlaksanavosiad មកពីគណបក្សប្រជាធិបតេយ្យ នេះជាព័ត៌មានក្រៅផ្លូវការដែលលោកទទួលបាន។
សូមជម្រាបថា ស្ថានការណ៍នយោបាយថៃ កាន់តែស្មុគស្មាញខ្លាំង បន្ទាប់ពីការបែកធ្លាយកិច្ចសន្ទនា រវាងលោកស្រី Paetongtarn ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាជន ចំពោះរដ្ឋាភិបាល ហើយអ្វីដែលគួរឱ្យកត់សម្គាល់ថែមទៀតនោះ វិបត្តិត្រូវបានកើនឡើងបន្ថែមទៀត បន្ទាប់ពីគណបក្ស Bhumjaithai បានដកខ្លួនចេញពីក្រុមចម្រុះនៃរដ្ឋាភិបាល។
បើតាមការស្ទង់មតិដោយកាសែត Krungthep Turakij ជាបណ្តាញរបស់ The Nation ក្នុងចំណោមនាយកប្រតិបត្តិចំនួន ១០០នាក់ មកពីវិស័យឈានមុខគេដូចជា៖ ផលិតកម្ម កសិកម្ម ថាមពល អចលនទ្រព្យ ទេសចរណ៍ សេវាកម្ម និងវិស័យមួយចំនួនទៀត ជុំវិញទស្សនៈរបស់ពួកគេទាក់ទងវិបត្តិនយោបាយក្នុងប្រទេសថៃ ភាគច្រើនចង់ឱ្យនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra លាលែងពីតំណែង ដោយសារការដឹកនាំរបស់លោកស្រីកំពុងរួមចំណែក ធ្វើឱ្យស្ថានភាពនយោបាយ និងសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ៕

Post a Comment