សមាជរដ្ឋសភា ​និងព្រឹទ្ធសភាលើកដំបូង រយៈពេល២ថ្ងៃ បញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយក្នុងប្រវត្តិការងាររបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល និងជាលើកដំបូងបំផុតដែលព្រឹទ្ធសភា និងរដ្ឋសភា បានរៀបចំព្រឹត្តិការណ៍សមាជរួមគ្នា ដោយបើកការជជែកគ្នារយៈពេល២ថ្ងៃ គឺថ្ងៃទី០២-០៣ ខែមិថុនា ឆ្នាំ២០២៥។

សមាជរដ្ឋសភា​និងព្រឹទ្ធសភាលើកដំបូង រយៈពេល២ថ្ងៃ បានបញ្ចប់ដោយជោគជ័យ ដោយចំណាយពេលប្រមាណជិត២៨ម៉ោង ហើយរបៀបវារៈសំខាន់ៗដែលបានជជែកពិភាក្សាគ្នានោះមានចំនួន៣ រួមមាន៖ ប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ និងប្រព័ន្ធកសិកម្ម ហើយប្រធានបទទាំង៣ ក៏ត្រូវបានអនុម័តទាំងស្រុងដោយសមាជព្រឹទ្ធសភា និងរដ្ឋសភា។

សមាជរដ្ឋសភា និងព្រឹទ្ធសភា ត្រូវបានដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជាប្រធានសមាជ។ សមាជក៏មានការអញ្ជើញ​ចូលរួមពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋ​សភា និងអនុប្រធានរដ្ឋសភា និងព្រឹទ្ធសភាទាំង៤រូប ព្រមទាំងសមាជិក សមាជិការដ្ឋសភា និងព្រឹទ្ធសភាផងដែរ។ នៅថ្ងៃទី១ សមាជមានសមាជិក រដ្ឋសភា និងព្រឹទ្ធសភា យាង និងអញ្ជើញ​ចូលរួមចំនួន១៨១អង្គ/រូប ហើយថ្ងៃទី២ យាង និងអញ្ជើញចូលរួម ១៧៩អង្គ/រូប។

ដោយឡែកខាងរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អមដោយឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័ត្ន រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម ទិត ឌីណា រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្តម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម។

ក្នុងបន្ទប់សមាជនាវិមានរដ្ឋសភា គេសង្កេតឃើញមានការអញ្ជើញតាមដាន​ដំណើរការសមាជពីសំណាក់សមាជិករាជរដ្ឋាភិបាល និងមន្ត្រីជាន់​ខ្ពស់មកពីតាមក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាល ព្រមទាំងបណ្តា​មេ​ដឹក​នាំគណ​បក្សនយោបាយមកពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់​យោ​បល់​ផងដែរ។

សមាជរដ្ឋសភា និងព្រឹទ្ធសភា ជាកិច្ចកិច្ចប្រជុំរវាងថ្នាក់ដឹកនាំ សមាជិក សមាជិកា រដ្ឋសភា និងព្រឹទ្ធសភា ដើម្បីជជែកលើរបៀបវារៈដែលជាកិច្ចការចាំ​បាច់នៅក្នុងសង្គម។ សមាជនេះ ត្រូវបានអញ្ជើញនាយករដ្ឋមន្ត្រី និង​សមាជិករាជរដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធរបៀបវារៈលើកមក​ជជែកនោះ មកបង្ហាញ និងឆ្លើយដោយផ្ទាល់លើកិច្ចការដែលសមាជលើកមកជជែក។

សមាជដែលធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ​២០​២៥​នេះ បានប្រើពេលវេលាសរុបជិត២៨ម៉ោង។ ក្នុងនោះសមាជថ្ងៃទី១ ត្រូវបានចាប់ផ្តើមឡើងនៅវេលាម៉ោង៨ព្រឹក ហើយបន្តរហូតដល់​ម៉ោង​១២៖២២នាទីរំលងអាធ្រាត្រ ដែលនាំឱ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងចំពោះរបៀបនៃការប្រជុំដែលមិនធ្លាប់មាន មិនត្រឹមតែនៅកម្ពុជានោះទេ សូម្បីលើពិភពលោកក៏មិនមានកិច្ចប្រជុំក្នុងស្ថាប័ននីតិ​បញ្ញត្តិណាដែលធ្វើរហូតឆ្លងថ្ងៃបែបនេះនោះឡើយ។

សមាជរដ្ឋសភា និងព្រឹទ្ធសភារយៈពេលពីរថ្ងៃនេះ បានប្រព្រឹត្តទៅដោយមានការផ្តល់មតិយោបល់យ៉ាងផុលផុសបំផុតពីសំណាក់សមាជិកសមាជ​ទៅ​លើរបៀបវារៈទាំង៣ខាងលើ។ ក្នុងនោះរបៀបវារៈទី១ មានសមាជិក​សមាជឡើងផ្តល់មតិរហូតដល់ទៅ២៤រូប, របៀបវារៈទី២ មានការឡើងផ្តល់មតិ ២១រូប និងរបៀបវារៈទី៣ មានការឡើងផ្តល់មតិ ២៣រូប៕








 

Powered by Blogger.