របបសឹកមីយ៉ាន់ម៉ា បន្តពន្យារបទឈប់បាញ់បណ្តោះអាសន្ន រហូតដល់ចុងខែនេះ

 ប្រភព៖ Reuters

ណៃពិដោ៖ របបសឹកមីយ៉ាន់ម៉ា បានឱ្យដឹងថា ខ្លួនបានសម្រេចបន្តការអនុវត្តបទឈប់បាញ់បណ្តោះអាសន្ន រហូតដល់ផុតខែមិថុនានេះ ដើម្បីគាំទ្រកិច្ចប្រឹងប្រែងជួសជុល និងស្តារប្រទេសឡើងវិញ ក្រោយមហន្តរាយគ្រោះរញ្ជួយផែនដី ដែលបានសម្លាប់​មនុស្សយ៉ាងហោច៣៧០០នាក់ និងបង្កការបំផ្លិចបំផ្លាញយ៉ាងខ្លាំង។

រដ្ឋាភិបាលយោធាបានប្រកាសបទឈប់បាញ់ដំបូង កាលពីដើមខែមេសា ពោលគឺប៉ុន្មានថ្ងៃ ក្រោយគ្រោះរញ្ជួយដីថ្ងៃទី២៨ ខែមីនា ដើម្បីសម្រួលដល់កិច្ចប្រឹងប្រែងជួយជនរងគ្រោះនិងស្តារប្រទេស បន្ទាប់ពីក្រុមប្រដាប់អាវុធប្រឆាំងរបបសឹក បានប្រកាសដូចគ្នា។ ខាងក្រុមឧទ្ទាម ក៏បានសម្រេចពន្យារបទឈប់បាញ់របស់ពួកគេ រហូតដល់ចុងខែនេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កន្លងមក ការវាយប្រហារដោយកាំភ្លើងធំនិងតាមផ្លូវអាកាសរបស់យោធា ត្រូវរាយការណ៍ថា បានបន្តនៅតាមផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ា៕



Powered by Blogger.