មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ ជូនដំណឹងស្តីពីគម្រោងជួសជុលក្បាលស្ពានព្រះសិវៈ

អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ៖ លោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹងស្តីពីគម្រោងជួសជុលក្បាលស្ពានព្រះសិវៈ ត្រង់ចំណុចគ.ម០១+២៥០ តាមបណ្ដោយមហាវិថីឆ្នេររាម ស្ថិតក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុមានកត្តិយស សូមជម្រាបជូនដំណឹងដល់ សម្ដេច ទ្រង់ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី និងបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្ដោយមហាវិថីឆ្នេររាម មេត្តាជ្រាបថាមន្ទីរទទួលបានគម្រោងឆ្នាំ២០២៥ ក្នុងជំពូក ៦១ សម្រាប់គម្រោងជួសជុលបន្ទាន់ក្បាលស្ពានព្រះសិវៈត្រង់ចំណុចគ.ម០១+២៥០ តាមបណ្ដោយមហាវិថីឆ្នេររាម ស្ថិតក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ គម្រោងនេះ មន្ទីរនឹងធ្វើការបើកការដ្ឋាន នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥  រហូតដល់ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០២៥ ដែលក្នុងអំឡុងពេលនៃការជួសជុលនេះនឹងអាចមានបង្កឱ្យមានការរំខានដល់ការធ្វើចរាចរណ៍ផ្សេងៗ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ាឧកញ៉ា លោក-លោកស្រី និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាប និងអាធ្យាស្រ័យចូលរួមសហការឱ្យបានល្អ។ក្រោយទទួលបាននូវសេចក្តីជូនដំណឹងនេះ មន្ទីរយើងខ្ញុំសង្ឃឹមយ៉ាងមុតមាំ និងមានជំនឿជាក់លើការចូលរួមសហការរបស់ សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ចាប់ពីពេលជូនដំណឹងនេះ រហូតដល់គម្រោងត្រូវបានបញ្ចប់៕










Powered by Blogger.