ក្រសួងបរិស្ថាន និងធនាគារពិភពលោក ជួបពិភាក្សាស្តីពីការគ្រប់គ្រងសំរាម និងទេសចរណ៍ធម្មជាតិ

ភ្នំពេញ៖ នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយកញ្ញា Tania Meyer នាយកប្រចាំប្រទេសរបស់ធនាគារពិភពលោក និងប្រតិភូធនាគារពិភពលោក។ កិច្ចពិភាក្សាបានផ្តោតទៅលើអាទិភាពការងារចំនួន២នោះ គឺ ការគ្រប់គ្រងសំរាមប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ។

ក្នុងភាពជាដៃគូអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងជិតស្និទ្ធតំណាងធនាគារពិភពលោក កញ្ញា Tania Meyer បានសម្តែងនូវការគាំទ្រចំពោះចក្ខុវិស័យ និងភាពជាអ្នកដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មធ្វើឱ្យកម្ពុជាមានភាពស្អាត។ ជាមួយគ្នានេះ ធនាគារពិភពលោកប្តេជ្ញានិងរួមចំណែកជាមួយវិស័យបរិស្ថានកម្ពុជា ក្នុងការលើកកម្ពស់សុខមាលភាព ជីវភាពរបស់ប្រជាសហគមន៍ឱ្យមានភាពល្អប្រសើរ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDG និងអនុលោមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលមានភាពស្អាត ភាពបៃតង និងចីរភាព។
ស្របនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលបានគាំទ្រវិស័យបរិស្ថានកន្លងមក ក្នុងនោះគម្រោង CSLEP ដែលផ្តោតលើការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ក្នុងគោលបំណងផ្លាស់ប្តូរកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិឈានមុខគេ តាមរយៈការអភិវឌ្ឍផ្លូវដើរលេង ផ្លូវជិះកង់ មជ្ឈមណ្ឌលភ្ញៀវទេសចរ និងកន្លែងស្នាក់នៅបែបអេកូឡូស៊ី ជាក់ស្តែងគឺភ្នំខ្នងផ្សារ។
ផ្សារភ្ជាប់និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីមានគំនិតផ្តួចផ្តើមបន្ថែម និងស្នើឱ្យមានការគិតគូរទៅដល់ការពង្រឹងគុណភាពលើហេដ្ឋារចនាសម្ព័ន្ធទីលានទុកដាក់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវកន្លែងទុកដាក់សំរាម សំណល់រឹងដែលមិនបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សុខភាពមនុស្ស និងបរិស្ថាន រួមជាមួយភាពយូរអង្វែងនៃហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលជាគោលដៅស្នូលរបស់ដៃគូអភិវឌ្ឍន៍៕





Powered by Blogger.