កម្ពុជាច្រានចោលការស្នើសុំរបស់ភាគីថៃដែលឲ្យកម្ពុជាដកទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបី
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តិទៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ជាលទ្ធផលនៃកិច្ចប្រជុំ យើងបាន៖
- ឯកភាពកាត់បន្ថយភាពតានតឹង
ដោយភាគីយើងទាំងពីរ បានរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា
និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត
ក្នុងគោលបំណងចៀសវាងការប៉ះទង្គិចយោធាគ្នា កម្ពុជា-ថៃ។
- ចំនុចភាគីថៃ
បានស្នើសុំឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី
២៨ ឧសភាកន្លងទៅ ភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើ
ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា
ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក ។ ភាគីកម្ពុជា
មិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ
និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា បានឡើយ។
- ដរាបណាភាគីថៃ នៅប្រើ ផែនទីខុសគ្នា
មាត្រដ្ឋានខុសគ្នា
នោះយើងនឹងមិនអាចរកចំនុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជា
នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2000)
ដូចដែលមានកន្លងមក។ ហេតុនេះហើយ បានជាភាគីកម្ពុជា សម្រេចចិត្ត
រៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ (តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច
និងប្រាសាទតាក្របី) ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ
ដើម្បីបញ្ចប់ជម្លោះ និងកំណត់ព្រំដែនជាក់លាក់។ កម្ពុជា មានបំណងទទួលយកតែសន្តិភាព
ស្ថិរភាព និងតំកល់ប្រយោជន៍ប្រជាជនយើងទាំងសងខាងជាធំ ។ ក្នុងនោះភាគីថៃ
ក៏បានបង្ហាញពីការគោរពសិទ្ធិកម្ពុជា ក្នុងការដាក់ចំនុចទាំង៤
ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ។
យើងក៏បានឯកភាពគ្នាក្នុងការបន្តយន្តការចរចាក្នុងកិច្ចប្រជុំ GBC/JBC/RBC ទៅលើចំនុចដទៃៗទៀតនាថ្ងៃខាងមុខ។
ភាគីថៃ ក៏បានបញ្ជាក់
និងច្រានចោលរាល់ព័ត៌មានអុចអាល និងរុញស្ថានការណ៍
ដែលបាននឹងធ្វើឲ្យប៉ះពាល់សន្តិអារម្មណ៍កងទ័ពយើងទាំងពីរ និងប្រជាជនយើងទាំងពីរ ដូចជាការលើកឡើងពីការបិទច្រកព្រំដែនអន្តរជាតិ, ការលុបកិច្ចប្រជុំJBC និងព័ត៌មានផ្សេងៗទៀតក្រៅផ្លូវការ៕
Post a Comment