ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុអនុវត្តតាមគោលការណ៍ និងមាត្រាដែលទទួលស្គាល់ពីអន្តរជាតិ
ភ្នំពេញ ៖ ដើម្បីឆ្លើយតបទៅនិងចម្ងល់ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋចង់ឱ្យមានភ្លើងបំភ្លឺផ្លូវនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺអនុវត្តតាមគោលការណ៍ និងមាត្រដ្ឋានដែលទទួលស្គាល់ពីអន្តរជាតិដូចជា៖
១៖ ផ្លូវល្បឿនលឿនត្រូវបានបំពាក់នូវប្រព័ន្ធចំណាំងផ្លាតលើផ្លូវ ដែលអាចឆ្លុះបញ្ចាំងឃើញគំនូសផ្លូវ ទ្រូងផ្លូវ គំនូសបែងចែកគន្លងផ្លូវ និងរបាំងកណ្តាលបានយ៉ាងច្បាស់លាស់។ ពេលអ្នកបើកបរបើកភ្លើងបំភ្លឺផ្លូវខាងមុខនៅពេលយប់ ប្រព័ន្ធចំណាំងផ្លាតគន្លងផ្លូវទាំងសងខាងនឹងផ្លាតពន្លឺបានយ៉ាងច្បាស់នៅពេលប៉ះជាមួយភ្លើងរថយន្ត។
២៖ ផ្លូវល្បឿនលឿន គឺមិនអនុញ្ញាតិឱ្យអ្នកថ្មើរជើង ទោចក្រយាន(កម្លាំងក្រោម៥០០CC) ត្រីចក្រយាន យានអូសដោយសត្វ ម៉ូតូកង់បួនប្រើប្រាស់ផ្លូវនេះទេ។ ភ្លើងបំភ្លឺផ្លូវជាធម្មតា គឺរចនាឡើងដើម្បីសម្រួលដល់អ្នកថ្មើរជើរ និងទោចក្រ ឬត្រីចក្រយានក្នុងករណីគ្មានពន្លឺបញ្ចាំង ឬខ្សោយពន្លឺ។
៣៖ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល ព្រមទាំងគិតគូរអំពីបរិស្ថាន និងផលប៉ះពាល់ផ្សេងៗជាយថាហេតុ ម៉្យាងវិញទៀតបង្គោលភ្លើងត្រូវមានចន្លោះកំណត់ ពន្លឺដែលបំភ្លឺតាមផ្លូវអាចមានការបំភ្លឺមិនស្មើគ្នា ខ្លះភ្លឺខ្លះងងឹត។ការបើកបរដោយល្បឿនលឿន ការប្រែប្រួលពន្លឺបែបនេះអាចធ្វើឱ្យភ្នែកអស់កម្លាំង ឆាប់ហត់ និងបង្កការងងុយក្នុងការបើកបរ ដែលអាចបណ្តាលឱ្យមានហានិភ័យលើសុវត្ថិភាពចរាចរណ៍៕
Post a Comment