និយ័តករធានារ៉ាប់រងកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី "ផលិតផលធានារ៉ាប់រងអាយុជីវិត" នៅខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី "ផលិតផលធានារ៉ាប់រងអាយុជីវិត" ដែលប្រព្រឹត្តទៅនៅខេត្តពោធិ៍សាត់។ សិក្ខាសាលាផ្សព្វផ្សាយនេះបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. និងមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់។
គោលបំណងនៃសិក្ខាសាលា គឺដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពីអត្ថប្រយោជន៍របស់ផលិតផលធានារ៉ាប់រងអាយុជីវិត ឱ្យបានកាន់តែទូលំទូលាយដល់សាធារណជននៅក្នុងខេត្តពោធិ៍សាត់ ក៏ដូចជាតួនាទីនិងភារកិច្ចរបស់ ន.ធ.ក. ក្នុងការការពារផលប្រយោជន៍ និងបង្កើនទំនុកចិត្តដល់សាធារណជនលើការប្រើប្រាស់សេវាធានារ៉ាប់រង។
សិក្ខាកាមបានបង្ហាញនូវការយកចិត្តទុកដាក់ និងគាំទ្រលើផលិតផលធានារ៉ាប់រងអាយុជីវិតមានកាលកំណត់ ដែលជាផលិតផលផ្ដល់នូវអត្ថប្រយោជន៍ក្នុងការការពារកម្ចី និងការការពារលើជំងឺធ្ងន់ធ្ងរ។ បន្ថែមពីនេះ សិក្ខាកាមបានបង្ហាញចំណាប់អារម្មណ៍លើតួនាទីរបស់ ន.ធ.ក. ក្នុងការគ្រប់គ្រងប្រតិបត្តិករធានារ៉ាប់រង និងការការពារផលប្រយោជន៍របស់សាធារណជនដែលប្រើប្រាស់សេវាធានារ៉ាប់រង៕
Post a Comment