លោក ថោង វណ្ណា និងក្រុមការងារ «ភ្នំពេញដេលី» ប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ក្នុងនាមថ្នាក់ដឹកនាំ និងក្រុមការងារសារព័ត៌មាន «ភ្នំពេញដេលី» ទាំងអស់ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យកបញ្ហាជម្លោះព្រំដែនដែលមាន ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយដោយប្រើយន្តការ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយបញ្ចប់បញ្ហាទំនាស់ព្រំដែន រវាងប្រទេសកម្ពុជា-ថៃ និងប្រើប្រាស់សិទ្ធិស្វ័យការពារខ្លួនក្នុងករណីចាំបាច់។

យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រផងដែរនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព នៃព្រះរាជាណាចក្រកម្ពុជា ដែលគាំទ្រឲ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរនាំយកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយមិនចាំបាច់ឲ្យកម្ពុជាប្តឹង ដែលជាកាយវិការប្រកបដោយភាពចាស់ទុំខាងនយោបាយ នៃអ្នកដឹកនាំកម្ពុជា បានគិតគូរវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ខ្ពស់។

យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងនៅក្នុងប្រទេស និងក្រៅប្រទេស សូមមេត្តារួបរួមគ្នាជាធ្លុងមួយជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារជាតិ ការពារធិបតេយ្យជាតិ បូរណភាពទឹកដី និងការអភិវឌ្ឍន៍ ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន៕






Powered by Blogger.