សម្តេចធិបតី ប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែនថៃ ផ្តល់សេវា និងការសម្របសម្រួល ចាំបាច់នានា ដល់ពលករខ្មែរ មានបំណងត្រឡប់មកកម្ពុជាវិញ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែនថៃ ផ្តល់សេវា និងការសម្របសម្រួលដល់ពលករខ្មែរមានបំណងត្រឡប់មកកម្ពុជា។
តាមរយៈសារសំឡេងផ្សព្វផ្សាយតាមបណ្តាញសង្គមនាព្រឹកថ្ងៃទី១៦
ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី បានណែនាំទៅឧបនាយករដ្ឋមន្ត្រី ប្រាក់
សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប្រាក់ទៅស្ថានកុងស៊ុលខ្មែរនៅប្រទេសថៃ
ជួយសម្រួលឯកសារនានា ដែលពលករខ្មែរខ្វះខាតសម្រាប់ឆ្លងដែនមកកម្ពុជា។
សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានណែនាំទៅឯកឧត្តម
ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំផ្តល់ព័ត៌មាន
និងភ្ជាប់ការងារជូនដល់ពលករដែលត្រឡប់មកវិញ។
សម្តេចមហាបវរធិបតី ក៏បានណែនាំទៅឧបនាយករដ្ឋមន្ត្រី
ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកអន្តោប្រវេសន៍ និងអភិបាលរាជធានី
និងខេត្តជាប់ព្រំដែនថៃ
ត្រៀមលក្ខណៈសម្បត្តិក្នុងការដឹកជញ្ជូនពលករដែលត្រឡប់មកវិញផងដែរ។
សូមបញ្ជាក់ថា ក្នុងកំលុងពេលដែលកម្ពុជា និងថៃ
មានវិវាទព្រំដែនជាមួយគ្នានេះ
មានជនជ្រុលនិយមថៃមួយចំនួនបានគំរាមដេញពលករខ្មែរត្រឡប់មកប្រទេសវិញ ហើយពលរដ្ឋថៃ
ដែលមានភាពជ្រុលនិយមខ្លះ ក៏បានរើសអើងសម្រាប់ពលករខ្មែរផងដែរ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា
និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
បានប្រកាសស្វាគមន៍ពលករខ្មែរឱ្យត្រឡប់មកវិញបើពួកគេមានបំណងត្រឡប់មកវិញ។
ពលករខ្មែរជាចំណែកមួយយ៉ាងធំ
ទ្រទ្រង់ដល់ច្រវាក់ផលិតកម្មរបស់ថៃ ទាំងក្នុងវិស័យឧស្សាហកម្ម សំណង់ កសិកម្ម
និងសេវាកម្មផ្សេងៗ។ ការចាកចេញរបស់ពលករខ្មែរនឹងធ្វើឱ្យការផលិតរបស់ថៃជួបបញ្ហា។
កាលពីប៉ុន្មានឆ្នាំមុនរដ្ឋាភិបាលថៃ
ធ្លាប់បានអនុវត្តន៍វិធានបណ្តេញពលករខ្មែរចេញពីប្រទេសខ្លួនផងដែរ
តែក្រោយឃើញពីបញ្ហាក៏បានសម្របសម្រួលឱ្យពលករខ្មែរបានធ្វើការក្នុងប្រទេសខ្លួនវិញ៕
Post a Comment