UNAIDS កោតសរសើរចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបាន ក្នុងការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ជាតំណាងដ៏ខ្ពស់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានអញ្ជើញក្នុងជំនួបអាហារថ្ងៃត្រង់ការងារជាមួយ លោកជំទាវ វីននី ប៊ីយ៉ាន់យីម៉ា Winnie Byanyima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការយូអិនអេដស៍ (UNAIDS) នៅសណ្ឋាគារ Raffles Grand D’Agnkor ខេត្តសៀមរាប។

ក្នុងជំនួបនេះ បានពិភាក្សាផ្តោតលើការស្វែងយល់ពីគ្នាទៅវិញទៅមក នូវកិច្ចការងារដែលបានអនុវត្តកន្លងមក ក្នុងការឆ្លើយតបបញ្ហាអេដស៍ដោយ លោកជំទាវនាយិកាប្រតិបត្តិអង្គការ UNAIDS បានថ្លែងអំណរគុណនិងកោតសរសើរចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបាន ក្នុងការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ ដោយកម្ពុជាមានកិច្ចសហការល្អរវាងរាជរដ្ឋាភិបាល រួមជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការដៃគូនានា ជាពិសេសគឺកាកបាទក្រហមកម្ពុជា។ លើសពីនេះលោកជំទាវ សំដែងការកោតសរសើរចំពោះអាជ្ញាធរអេដស៍ ដែលមានកាកបាទក្រហមកម្ពុជា ជួយជ្រោមជ្រែង ដោយមានបណ្តាញអ្នកស្ម័គ្រចិត្ត មានយុវជនកាកបាទក្រហមកម្ពុជា បានបំពេញការងារយ៉ាងសកម្មនៅតាមសហគមន៍ ព្រមទាំងបានសំណូមពរឱ្យកាកបាទក្រហមកម្ពុជា បន្តជួយលើការងារនេះបន្ថែមទៀត។
ឆ្លើយនឹងសំណួររបស់លោកជំទាវ នាយិកាប្រតិបតិ្ត UNAIDS ថាតើកាកបាទក្រហមកម្ពុជាគួរបន្ថែមជំនួយលើផ្នែកអ្វីទៀត? ឯកឧត្តម ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា៖ គួរជួយលើផ្នែកយុវជន និងជួយលើក្រុមប្រឈម មានដូចជាក្រុមបំប្លែងភេទ ក្រុមបុរសស្រឡាញ់បុរសជាដើម។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានលើកឡើងថា សមិទ្ធផលសម្រេចបានជោគជ័យក្នុងការឆ្លើយតបមេរោគអេដស៍នេះ គឺដោយសារកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលសម្តេចប្រធាន បានចាត់ឱ្យមានយន្តការច្បាស់លាស់ គឺបង្កើតឱ្យមានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ទាំងនៅថ្នាក់កណ្តាល និងនៅតាមសាខារាជធានីខេត្តទាំង២៥ ដែលបាននិងកំពុងធ្វើសកម្មភាពដូចភ្លៀងរលឹម។ ទន្ទឹមនឹងនេះ កាកបាទក្រហមកម្ពុជា បច្ចុប្បន្នកំពុងដំណើរការផលិតកម្មវិធីទូរទស្សន៍ ឈ្មោះថាកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ ជាកម្មវិធីប្រចាំខែ ដែលផ្សព្វផ្សាយតាមទូរទស្សន៍ និងបណ្តាញព័ត៌មានសង្គម ដែលក្នុងនោះមានកម្មវិធីដែលនិយាយពីសកម្មភាពទប់ស្កាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូននិងនិយាយពីបញ្ហាអេដស៍ និងមានកិច្ចពិភាក្សាចំនួន២ ក្នុង១ឆ្នាំ ជុំវិញប្រធានបទ ទិវាជាតិសុខភាពមាតា ទារកនិងកុមារ ២១កុម្ភៈ និងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ដោយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ មានសមាសភាពមកពីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ (NCHADS) ដែលកំពុងប្រកៀកស្មាគ្នាបំពេញការងារឆ្លើយតបបញ្ហាអេដស៍បានយ៉ាងល្អប្រសើរ៕











Powered by Blogger.