វិមានក្រឹមឡាំង៖ ខែលការពារមីស៊ីល Golden Dome របស់ ត្រាំ អាចជំរុញឲ្យមានកិច្ចចរចាគ្រប់គ្រងអាវុធនុយក្លេអ៊ែរឡើងវិញ

 ប្រភព៖ Reuters

មូស្គូ៖ វិមានក្រឹមឡាំង បានព្រមាននៅថ្ងៃពុធនេះថា គម្រោងខែលការពារមីស៊ីល Golden Dome (ដំបូលមាស) ដ៏មហិច្ឆតារបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចនឹង «ទាមទារឲ្យមានការបន្តទំនាក់ទំនងឡើងវិញ» លើការគ្រប់គ្រងអាវុធនុយក្លេអ៊ែររវាងមហាអំណាចទាំងពីរ ដោយសារវាប៉ះពាល់ដល់ស្ថិរភាពយុទ្ធសាស្ត្រ។

ការប្រកាសគម្រោងខែលការពារមីស៊ីល Golden Dome របស់អាមេរិក អាចនឹងបង្កឲ្យមានការប្រកួតប្រជែងផ្នែកការពារមីស៊ីល និងវាយលុកកាន់តែខ្លាំងក្លា ឬក៏អាចបង្ខំឲ្យមហាអំណាចនុយក្លេអ៊ែរទាំងពីរ ត្រឡប់មកតុចរចាជាថ្មី ដើម្បីកសាងក្របខ័ណ្ឌគ្រប់គ្រងអាវុធដែលបាត់បង់។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថ្វីត្បិតតែបានបញ្ជាក់ថា គម្រោងនេះជា «បញ្ហាអធិបតេយ្យភាពរបស់អាមេរិក» និងព័ត៌មានលម្អិតនៅមានតិចតួចក៏ដោយ ក៏លោកបានសង្កត់ធ្ងន់ថា ការវិវត្តបែបនេះ នឹងជៀសមិនផុតពីការនាំទៅរកការចរចាថ្មីៗ។ លោកបានចង្អុលបង្ហាញថា ក្របខ័ណ្ឌច្បាប់គ្រប់គ្រងអាវុធដែលមានស្រាប់ ដូចជាសន្ធិសញ្ញា ABM និង INF ត្រូវបាន «បំផ្លាញ» ឬផុតសុពលភាព ដែលភាគច្រើនដោយសារសកម្មភាពរបស់សហរដ្ឋអាមេរិក។

លោក Peskov បានអះអាងថា «មូលដ្ឋានសម្រាប់ស្ថិរភាពយុទ្ធសាស្ត្រនេះ ត្រូវតែបង្កើតឡើងវិញ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ និងផលប្រយោជន៍សន្តិសុខនៅទូទាំងភពផែនដី»។ ការណ៍នេះ បង្ហាញពីការព្រួយបារម្ភរបស់រុស្ស៊ី ចំពោះលទ្ធភាពនៃការប្រកួតប្រជែងសព្វាវុធថ្មី៕



 

Powered by Blogger.