គយណែនាំដល់មន្រ្តីនៅតាមព្រំដែន ទប់ស្កាត់ការនាំចូលផ្លែទុរេនស្រស់
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា បានណែនាំដល់មន្រ្តីនៅតាមព្រំដែន ឱ្យចូលរួមទប់ស្កាត់ការនាំចូលផ្លែទុរេនស្រស់ពីប្រទេសជិតខាងដែលប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់ដល់សុខភាពប្រជាជន។
យោងតាមលិខិតរបស់ អគ្គនាយកដ្ឋានគយនិង
រដ្ឋាករកម្ពុជា ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់
ការនាំចូលផ្លែទុរេនស្រស់ប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់ដល់សុខភាពប្រជាជន
អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា (អគរ) សូមធ្វើការណែនាំបណ្តោះអាសន្នដូចខាងក្រោម៖
១. ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបញ្ញត្តិអនុក្រឹត្យលេខ
៣៧០ អនក្រ.បក ជាធរមាន ដូចយោងខាងលើ
ដោយការនាំចូលផ្លែទុរេនត្រូវអមភ្ជាប់ជាមួយប្រតិវេទន៍គយនូវវិញ្ញាបនបត្រភូតគាមអនាម័យ។
២. ត្រូវចាត់ចែងការដកសំណាកគម្រូតាមគោលការណ៍ហានិភ័យ
ឬតាមរូបភាពចោះៗ ដើម្បីស្នើសុំ កិច្ចសហការពីមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់
កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង បន្លំ (ក.ប.ប.) ធ្វើការវិភាគ។
ក្នុងករណីនេះ ទំនិញនាំចូលអាចត្រូវបានអនុញ្ញាតដឹកជញ្ជូនទៅគម្យដ្ឋាន
ក្នុងប្រទេសបន្ទាប់ពីបានបំពេញបែបបទបញ្ចេញទំនិញពីគយរួច ដោយអ្នកនាំចូលត្រូវបញ្ជាក់ជូនមន្ត្រី
គយមានសមត្ថកិច្ចឱ្យបានច្បាស់លាស់នូវទីតាំងគម្យដ្ឋាននៃការដឹកជញ្ជូន
ចែកចាយក្នុងប្រទេស។
៣. ក្នុងករណីលទ្ធផលនៃការវិភាគបង្ហាញថា «ផលិតផលមានសារធាតុប៉ះពាល់ដល់សុខភាព ឬ ខូចគុណភាព» ត្រូវចាត់ចែងប្រមូលឬឃាត់ទុកទំនិញទាំងនោះ និងធ្វើរបាយការណ៍ស្នើសុំការ
ចាត់វិធានការបន្តពី អគរ។
៤. ត្រូវចាត់វិធានការតាមដានទប់ស្កាត់ការលួចប៉ុនប៉ងនាំចូលដោយខុសច្បាប់ផ្លែទុរេនស្រស់តាមច្រក
របៀងក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់៕


Post a Comment