អាមេរិក-អារ៉ាប៊ីសាអូឌីត ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រ
ប្រភព៖ Reuters
រីយ៉ាដ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រជាមួយប្រទេសអារ៉ាប៊ីសាអូឌីត នៅពេលដែលមហាអំណាចប្រេងមួយនេះ បានទទួលស្វាគមន៍លោកយ៉ាងកក់ក្តៅ ក្នុងពេលចាប់ផ្តើមដំណើរទស្សនកិច្ចនៅតំបន់ឈូងសមុទ្រ ដែលមានគោលបំណងប្រមូលទុនវិនិយោគរាប់ពាន់លានដុល្លារ។
កិច្ចព្រមព្រៀងនេះ
បានគូសបញ្ជាក់ពីការពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត
ដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយនៅមជ្ឈិមបូព៌ា ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច
និងការពារជាតិ។
ថ្នាក់ដឹកនាំទាំងពីរបានរួមគ្នាចុះហត្ថលេខា
លើកិច្ចព្រមព្រៀងសំខាន់ៗជាច្រើន
ដែលទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីតរាយការណ៍ថាគ្របដណ្ដប់លើវិស័យថាមពល
ការពារជាតិ ការរុករករ៉ែ និងវិស័យផ្សេងៗទៀត។ ទន្ទឹមគ្នានេះ
សេតវិមានបានបង្ហាញថា អារ៉ាប៊ីសាអូឌីតមានផែនការវិនិយោគទឹកប្រាក់ ៦០០
ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក
ដោយក្នុងនោះមានកិច្ចព្រមព្រៀងលក់អាវុធដ៏ធំមួយមានតម្លៃជិត ១៤២
ពាន់លានដុល្លារ។
ក្នុងជំនួបជាមួយព្រះអង្គម្ចាស់រាជទាយាទនៅទីក្រុងរីយ៉ាដ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងដូច្នេះថា «ខ្ញុំពិតជាជឿជាក់ថា យើងចូលចិត្តគ្នាទៅវិញទៅមកណាស់»។
នៅក្នុងកិច្ចប្រជុំមួយនៅព្រះបរមរាជវាំង លោក ត្រាំ បានហៅព្រះអង្គម្ចាស់រាជទាយាទថាជា
មិត្ត ហើយបានបញ្ជាក់ថា ពួកគេមានទំនាក់ទំនងល្អ។ លោក ត្រាំ ក៏បានរំលឹកពីដំណើរទស្សនកិច្ចឆ្នាំ
២០១៧ របស់លោក និងបានលើកឡើងថា ការវិនិយោគរបស់អារ៉ាប៊ីសាអូឌីត
នឹងជួយបង្កើតការងារនៅអាមេរិក។ លោកថែមទាំងបាននិយាយបែបលេងសើចថា ការសន្យាវិនិយោគ
៦០០ពាន់លានដុល្លារ អាចនឹងឡើងដល់ ១ពាន់ពាន់លានដុល្លារ។
លោក ត្រាំ
ដែលត្រូវបានអមដំណើរដោយមេដឹកនាំធុរកិច្ចអាមេរិកជាច្រើនរូប រួមទាំងមហាសេដ្ឋី Elon
Musk នឹងបន្តដំណើរពីទីក្រុងរីយ៉ាដ ទៅកាន់ប្រទេសកាតានៅថ្ងៃពុធ
និងអារ៉ាប់រួមនៅថ្ងៃព្រហស្បតិ៍។ ដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា
ផ្តោតសំខាន់លើការវិនិយោគ ជាជាងបញ្ហាសន្តិសុខក្នុងតំបន់
ហើយការមិនចូលទស្សនកិច្ចនៅអ៊ីស្រាអែលបានបង្កចម្ងល់ពីអាទិភាពរបស់អាមេរិក៕
Post a Comment