សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មិត្តចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត និងជាប្រភពដ៏សំខាន់បំផុត នៃការវិនិយោគរបស់កម្ពុជា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បន្ទាប់ពីកសាងបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែងរវាងកម្ពុជា-ចិន មិត្តចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត និងជាប្រភពដ៏សំខាន់បំផុត នៃការវិនិយោគ របស់កម្ពុជាមកដល់ពេលនេះ ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី
ក្នុងពិធីអបអរសាទរ ការទទួលបានក្រុមហ៊ុនវិនិយោគ ចំនួន២០០ និង សំណេះសំណាល
ជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ប្រមាណ
៣២០០០ម៉ឺននាក់ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត
បានរំលឹកថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ យូរអង្វែងរបស់កម្ពុជា-ចិន
ដែលមានការវិវត្តន៍ ចាប់ពីកិច្ចសហប្រតិបត្តិការ ភាពជាដៃគូគ្រប់ជ្រុងជ្រោយ
រហូតមកដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន
នៅក្នុងយុគសម័យគ្រប់រដូវការ ក៏ជាកម្លាំងចលករដ៏សំខាន់បំផុត ដែលមិនអាចខ្វះបាន
នៅក្នុងការជំរុញឱ្យទទួលបានសមទ្ធផល ភាពជោគជ័យតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ
និងការរីកចម្រើនទូទាំងខេត្តព្រះសីហនុ ក៏ដូចជាទូទាំងប្រទេស ។
បន្ថែមលើនេះ
សម្តេចធិបតី បានថ្លែងថា មិត្តចិនតែងតែជួយគាំទ្រដល់កម្ពុជា នៅគ្រប់កាលទេសៈ
និងគ្រប់វិស័យ ខណៈដែលទំនាក់ទំនងកម្ពុជា-ចិន បានកសាងឡើង ដោយឈរលើមូលដ្ឋាន
នៃទំនុកចិត្តផ្នែកនយោបាយ និងការគោរពគ្នាទៅវិញទៅមក ចំពោះឯករាជ្យភាព
និងអធិបតេយ្យភាព និងបានបន្តរីកចម្រើនកាន់តែរឹងមាំឡើងៗ
រហូតវិវត្តន៍ទៅជាមិត្តភាពដែកថែប ដែលត្រូវបានគាំទ្រដោយការផ្លាស់ប្តូរ
ទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញ៉ាប់ រួមទាំងការប្រាស័យទាក់ទងគ្នាជាយុត្តិសាស្ត្រ ។
សម្តេចធិបតី
នាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅជំនួបក្នុងអំឡុង ទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងខែមេសា
ឆ្នាំ២០២៥ សម្តេចផ្ទាល់និងប្រធានាធិបតីចិន មិនត្រឹមតែបានបញ្ជាក់ សារជាថ្មី
អំពីការប្តេជ្ញាចិត្តឥតងាករេ ចំពោះទំនាក់ទំនង មិត្តភាពដែកថែប កម្ពុជា-ចិន
ប៉ុណ្ណោះទេ ថែមទាំងបានពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀត នូវភាពជាដៃគូ
យុត្តិសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ
រវាងប្រទេសទាំងពីរផងដែរ។
ក្នុងនោះសម្តេចធិបតីហ៊ុន
ម៉ាណែត មានប្រសាសន៍ថា “មិត្តចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត
និងជាប្រភពដ៏សំខាន់បំផុត នៃការវិនិយោគរបស់កម្ពុជា មកដល់ពេលនេះ ជំហររបស់កម្ពុជា
ចំពោះមិត្តចិន គឺប្រកាន់ភ្ជាប់ឥតងាករេ ចំពោះនយោបាយចិនមួយ និងគាំទ្រ
ការផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងគំនិតផ្តួចផ្តើមផ្សេងៗទៀត” ។
ឆ្លៀតក្នុងឱកាសនេះ
សម្តេចធិបតី បានសម្តែង នូវការអរគុណ យ៉ាងជ្រាលជ្រៅ ដល់មិត្តចិន
ចំពោះការគាំទ្រនិងការ ជ្រោមជ្រែងតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងព្រះសីហនុផងដែរ៕
Post a Comment