ប្រធានសភាពាណិជ្ជកម្មខេត្តតាកែវ មានសុទិដ្ឋិនិយមខ្ពស់ថា អ្នកវិនិយោគច្បាស់ណាស់នឹងមិនមើលរំលងខេត្តតាកែវ
អត្ថបទ៖ ទ្រី ហៀន
ខេត្តតាកែវ៖ លោក ជីប ភក្តីភាព ប្រធានសភាពាណិជ្ជកម្មខេត្តតាកែវ បានអះអាងថា អ្នកវិនិយោគច្បាស់ណាស់នឹងមិនមើលរំលងខេត្តតាកែវនោះទេ ក្នុងការសម្រេចចិត្តចូលមកបណ្តាក់ទុនរកស៊ីរបស់ពួកគេ។ លោកហ៊ានអះអាងដូចនេះ ដោយឈរលើកត្តា៣យ៉ាងសំខាន់ មានកត្តាភូមិសាស្រ្ត កត្តាប្រជាសាស្រ្ត និងកត្តាសន្តិភាព ស្របពេលដែលបរិយាកាសវិនិយោគក្នុងខេត្តតាកែវ កំពុងមានភាពល្អប្រសើរ ខណៈ៣ខែដោយឆ្នាំ២០២៥នេះ តាកែវទទួលបានគម្រោងវិនិយោគពីបរទេសមិនក្រោម៣០គម្រោងនោះទេ ខណៈគម្រោងវិនិយោគកំពុងដំណើរការ មានប្រមាណ២៣៣គម្រោងរួចទៅហើយ។
ក្នុងកិច្ចបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីពេលកន្លងទៅ លោក ជីប ភក្តីភាព បានឱ្យដឹងថា ខេត្តតាកែវ ស្ថិតនៅលើទីតាំងយុទ្ធសាស្ត្រសំខាន់មួយក្នុងចំណោមខេត្តដទៃទៀតនៅកម្ពុជា នៅកៀករាជធានីភ្នំពេញ មានផ្លូវជាតិឆ្លងកាត់ចំនួន២ខ្សែ ស្ថិតនៅក្បែរកំពង់ផែភ្នំពេញ ជាពិសេសខេត្តនេះនឹងមានកំពង់ផែស្ថិតនៅក្រុងដូនកែវតែម្តង នៃគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងលេចរូបរាងនាពេលខាងមុខ ខណៈប្រជាជននៅក្នុងតាកែវទាំងមូលមានជាង១លាននាក់ ដែលនេះជាតម្រូវធនធានមនុស្ស សម្រាប់បម្រើការងារទៅតាមជំនាញ។
លោកបន្តថា ដោយបានការណែនាំពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពពាណិជ្ជកម្មកម្ពុជា កន្លងទៅសភា ពាណិជ្ជកម្មខេត្តតាកែវ បានធ្វើយ៉ាងជិតស្និតជាមួយរដ្ឋបាលខេត្តតាកែវ ក្នុងនាមជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនក្នុងការពាំនាំបញ្ហាប្រឈមរបស់ពួកគេដើម្បីដោះស្រាយរួមគ្នា បំណងដើម្បីបង្កបរិយាកាសរីករាយជូនអ្នកវិយោគឱ្យធ្វើរបររកស៊ីដោយរីករាយ តបតាមការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញបាននូវបណ្តាអ្នកវិនិយោគទាំងនោះ ចូលមកបណ្តាក់ទុនរកស៊ីនៅខេត្តតាកែវ៕
Post a Comment