ត្រាំ ថា រុស្ស៉ី-អ៊ុយក្រែននឹងចាប់ផ្ដើមកិច្ចចរចាជាបន្ទាន់ស្ដីពីបទឈប់បាញ់​

 ប្រភព៖ AFP

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ ទី១៩ ខែឧសភា ហើយថារុស្ស៉ី និងអ៊ុយក្រែននឹងចាប់ផ្ដើមកិច្ចចរចាជាបន្ទាន់ឆ្ពោះទៅរកបទឈប់បាញ់។

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បានកត់សម្គាល់ថាលោកបានបញ្ជូនផែនការទៅឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី រួមទាំងមេដឹកនាំសហភាពអឺរ៉ុប បារាំង អ៊ីតាលី អាល្លឺម៉ង់ និងហ្វាំងឡង់ អំឡុងកិច្ចសន្ទនាជាក្រុមមួយបន្ទាប់ពីរូបលោកបញ្ចប់កិច្ចសន្ទនាជាមួយលោក ពូទីន។ លោក ត្រាំ លើកឡើងជាមួយការសង្កត់ធ្ងន់ថា រូបលោកយល់ថាមានភាពរីកចម្រើនមួយចំនួនកំពុងកើតឡើង។ «រុស្ស៉ី និងអ៊ុយក្រែននឹងចាប់ផ្ដើមកិច្ចចរចាជាបន្ទាន់ឆ្ពោះទៅរកបទឈប់បាញ់មួយ ហើយរឹតតែសំខាន់គឺឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាម»

វិមានក្រឹមឡាំង បាននិយាយថាការឈានដល់កិច្ចព្រមព្រៀងមួយនឹងត្រូវចំណាយពេលខ្លះ ហើយលោក ត្រាំ បានបញ្ជាក់ថាលោកមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមជាមួយអឺរ៉ុប ដាក់ទណ្ឌកម្មថ្មីប្រឆាំងទីក្រុងមូស្គូនោះទេ។

បើតាមអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz មេដឹកនាំអឺរ៉ុបបានសម្រេចចិត្តបង្កើនការដាក់សម្ពាធលើរុស្ស៉ី តាមរយៈការដាក់ទណ្ឌកម្ម បន្ទាប់ពីលោក ត្រាំ ជជែក ជាមួយពួកគេអំពីកិច្ចសន្ទនាតាមទូរស័ព្ទរបស់លោកជាមួយលោក ពូទីន។ តែលោក ត្រាំ ហាក់មិនទាន់ត្រៀមខ្លួនចូលរួមជាមួយអឺរ៉ុបនោះទេ៕





 

Powered by Blogger.