ប្រជុំពិភាក្សាបឋម លើគម្រោងរៀបចំពិព័រណ៍ក្រោមប្រធានបទ" ទទួលទានធុរេនល្អ ភ្លក់អង្ករបាត់ដំបង"
អត្ថបទ៖ សុខ ចរណៃ
ខេត្តបាត់ដំបង៖ លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មបាត់ដំបង លោក អ៊ូចអ៊ុ សុភីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត បានប្រជុំពិភាក្សាបឋម លើគម្រោងរៀបចំពិព័រណ៍ក្រោមប្រធានបទ" ទទួលទានធុរេនល្អ ភ្លក់អង្ករបាត់ដំបង" ត្រូវបានរៀបចំឡើងនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ ២០២៥។
លោក ហម អារុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានធ្វើបទបង្ហាញមានខ្លឹមសារថា គោលបំណងនៃការរៀបចំបុណ្យផ្លែឈើ គឺជាព្រឹត្តការណ៍មួយតាំងបង្ហាញផ្លែឈើ និងផល្លានុផលផ្សេងៗ បង្កបង្កើនផលនៅក្នុងតំបន់ពិសេសខេត្តបាត់ដំបងយើង មានតាំងបង្ហាញផ្លែឈើ និងផ្លែធុរេន អាចបន្ថែមជាបន្លែថែមទៀត ជាផ្នែកមួយដែលខេត្តបាត់ដំបងផលិតបាន សម្រាប់ឆ្នាំ២០២៥ បុណ្យផ្លែឈើបាត់ដំបង ក្រោមប្រធានបទ “ទទួលទានធុរេនល្អភ្លកបាយអង្ករបាត់ដំបង” ផ្តោតសំខាន់ទៅលើផលិតផលធុរេន និងអង្ករបាត់ដំបង ហើយអត្ថប្រយោជន៍នៃការរៀបចំបុណ្យផ្លែឈើនេះ គឺបានចូលរួមក្នុងការលើកកម្ពស់សេដ្ឋកិច្ចដល់ប្រជាកសិករ ជួយសម្រួលដល់វិស័យទេសចរណ៍ តាមរយៈការទាក់ទាញជម្រុញផលិតផល ដែលប្រជាកសិករបង្កបង្កើនផលបាន ចូលរួមក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះខេត្តផងដែរ។ បង្កើនទំនុកចិត្តដល់ភ្ញៀវ ដែលចង់ជាវផលិតផល ពេលខ្លះធុរេនមានលក់មែនតែអត់ដឹងប្រភពមកពីណាទេ អញ្ចឹងបានចូលរួមក្នុងព្រឹត្តិការណ៍នេះឡើង គឺជាប្រភពដែលច្បាស់លាស់នៃផល្លានុផល ដែលដាក់លក់ ផ្សព្វផ្សាយពីផលិតផលខេត្តបាត់ដំបង បង្កលក្ខណៈងាយស្រួលរវាងអ្នកទិញ និងអ្នកលក់។ ការតាំងពិព័រណ៍ផ្លែឈើនេះ ម្ចាស់ស្តង់លក់ផ្លែឈើម្ចាស់ចំការ ផ្សព្វផ្សាយផល្លានុផលចំការគាត់ផ្ទាល់ឱ្យភ្ញៀវទៅលេងដល់ចំការគាត់បាន ក៏ដូចជាការជួយសេដ្ឋកិច្ចប្រជាពលរដ្ឋនៅជុំវិញទីកន្លែងនោះ។ យោងតាមប្រសាសន៍នែនាំរបស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឱ្យមានការរៀបចំពិធីបុណ្យផ្លែឈើសម្រាប់ខេត្តបាត់ដំបង ក្នុងឆ្នាំ២០២៥នេះ ជាផ្នែកមួយនៅក្នុងការគាំទ្រ ដល់យុទ្ធនាការទេសចរណ៍រដូវកាលបៃតង ដែលមានការនែនាំពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជំរុញឱ្យរដូវកាលភ្លៀង អនុញ្ញាតឱ្យភ្ញៀវទទួលបានបទពិសោធន៍ថ្មីក្នុងដំណើរទស្សនកិច្ចនៅរដូវកាលភ្លៀង។
លោក គឹម ហួត ប្រសាសន៍ស្នើដល់បណ្តាមន្ទីរអង្គភាពពាក់ព័ន្ធត្រូវសហការគ្នាធ្វើយ៉ាងណាឱ្យគម្រោងរៀបចំពិពណ៌ ផ្លែឈើឆ្នាំ២០២៥ ប្រព្រឹត្តទៅដូចការគ្រោងទុក ដើម្បីផ្សព្វផ្សាយពីផលិតផលក្នុងខេត្តបាត់ដំបង មានផ្លែធុរេន អង្ករបាត់ដំបង ក៏ដូចជាផល្លានុផលផ្សេងៗ ក្នុងការទាញ់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងខេត្តបាត់ដំបងកាន់ច្រើនឡើង ក៏ដូចជាការលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងខេត្ត និងសេដ្ឋកិច្ចជាតិ ព្រមទាំងជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿនថែមទៀត៕
Post a Comment