ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិ​កំពត

ខេត្តកំពត៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់​ខ្ពស់​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិ​កំពត។

កំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំ​គ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសាងសង់ឡើង​នៅលើ​ផ្ទៃ​ដីទំហំ ៤,២៥ហិកតា ជាអំណោយរបស់អ្នកឧកញ៉ា វិញ ហួរ ជូន​រាជ​រដ្ឋាភិបាលកម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែនេះ រួមមាន ផ្លូវ​បេតុងចូលកំពង់ផែប្រវែង ២,៤០គីឡូម៉ែត្រ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធ​ទឹកស្អាតសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាជន និងកំពង់ផែ ប្រព័ន្ធចម្រោះទឹកកខ្វក់ របង ប៉ុស្តិ៍យាម ចំណតរថយន្ត សួនច្បារ ស្រះទឹក អគារប្រមូលទុកដាក់សំរាម អគារបន្ទប់ទឹកសាធារណៈ អគារបច្ចេកទេស អគាររដ្ឋបាលនិងអ្នកដំណើរ ចំណតនាវា ប្រព័ន្ធ​គ្រប់គ្រងអគ្គិភ័យ និងការបំពាក់ឧបករណ៍បច្ចេកទេសចាំបាច់ផ្សេងៗ​ទៀត​សម្រាប់ប្រតិបត្តិការកំពង់ផែ។

តាមការគ្រោង​ទុក​របស់គម្រោងសាងសង់កំពង់ផែទេសចរណ៍នេះ តម្រាយផ្លូវនាវាច​រ​ណ៍ ត្រូវមានជម្រៅទឹក ៣ម៉ែត្រ ដោយរាប់ចាប់ពី​ទីតាំងបត់នាវារហូត​ដល់​ផ្ទៃសមុទ្រ ដែលមានប្រវែង ៦,៧៥គីឡូ​ម៉ែត្រ និងទទឹងទំហំ ៦២ម៉ែត្រ ចែកជា ២គន្លងទៅមក។ កំពង់ផែនេះ មានលក្ខណៈអំណោយផលល្អពីធម្មជាតិដែលអាច​អនុញ្ញាត​ឱ្យនាវាផ្ទុកអ្នកដំណើរ ឬភ្ញៀវទេសចររហូតដល់ ៣០០នាក់ ចូល-ចេញកំពង់ផែនេះជាលក្ខណៈអន្តរជាតិបាន។

ការបើកឱ្យកំពង់ផែនេះប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ គឺជា​ការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃការតភ្ជាប់វិស័យទេសចរណ៍កម្ពុជាតាមផ្លូវសមុទ្រ ជាមួយប្រទេសជិតខាង ក្នុងតំបន់ និងជាលក្ខណៈអន្តរ​ជាតិ។ ជាងនេះទៀត កំពង់ផែនេះ នឹងរួមចំណែកលើកកម្ពស់​ការ​តភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេសចរណ៍​ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តា​កោះ​នានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ការតភ្ជាប់ទាំងអស់នេះ នឹង​រួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម តាមរយៈការផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែម​ដល់​​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគ្រាស អាជីវកម្មក្នុងស្រុក ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ហាងលក់វត្ថុអនុស្សាវរីយ៍ និងក្រុម​ហ៊ុនទេសចរណ៍ជាដើម ព្រមទាំងជំរុញឱ្យមានការបង្កើតនូវទីតាំង​កម្សាន្តថ្មីៗនៅក្នុងភូមិសាស្រ្តខេត្តកំពតនិយាយដោយឡែក និង​បណ្តាខេត្តផ្សេងទៀតនិយាយជារួម ដើម្បីទាក់ទាញភ្ញៀវទេសចរ​បន្ថែម​ទៀត៕



 

Powered by Blogger.