ប្រជាពលរដ្ឋជាច្រើនកុះករ ទៅទទួលយកសេវារថយន្តក្រុងដឹកជញ្ជូនឥតគិតថ្លៃ របស់រាជរដ្ឋាភិបាល ដើម្បីធ្វើដំណើរទៅលេងស្រុកកំណើត
ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនកុះករ បានទៅទទួលយកសេវារថយន្តក្រុងសាធារណៈដឹកជញ្ជូនឥតគិតថ្លៃ របស់រាជរដ្ឋាភិបាល ដើម្បីជិះធ្វើដំណើរទៅលេងស្រុកកំណើតនៅតាមបណ្តាខេត្តទាំង២៤ទូទាំងប្រទេស សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តជិត ៦០០គ្រឿងដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅកាន់បណ្ដាលខេត្តនានានៅទូទាំងប្រទេសដោយឥតគិតថ្លៃ (ចាប់ពីថ្ងៃ១២ ខែមេសា រហូតដល់ថ្ងៃ១៧ ខែមេសា ឆ្នាំ២០២៥)។
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:, ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកអ្នកឧកញ៉ា លាង ឃុន បានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋចេញដំណើរទៅស្រុកកំណើតផងដែរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា នេះជាការចូលរួមមួយផ្នែករបស់រាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋដើម្បីអបអរសាទរបុណ្យចូលឆ្នាំឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ពោលក្នុងមួយរដូវកាលបុណ្យទានរាជរដ្ឋាភិបាលជួយសន្សំថវិកាពលរដ្ឋប្រមាណជាង២លានដុល្លារកុំឲ្យចំណាយលើមធ្យោបាយទៅស្រុកកំណើត។
សូមជម្រាបថា រថយន្តក្រុងសាធារណៈដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរួចរាល់ទាំងរថយន្ត អ្នកបើកបរ តាមគោលដៅចេញដំណើរនីមួយៗសម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ «ជិះដោយមិនបង់ប្រាក់» ពេលវេលាចេញដំណើរចាប់ពីម៉ោង ០៦៖៣០នាទីព្រឹក ដលម៉ោង១១៖៣០នាទីព្រឹក៕
Post a Comment