ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប្រជុំដាក់បទបញ្ជារៀបចំរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
អត្ថបទ៖ សុខ ចរណៃ
ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥បានបើកកិច្ចប្រជុំដាក់បទបញ្ជា រៀបចំរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ ស្នងការនៃស្នងការដ្ឋានខេត្តបាត់ដំបង។
កិច្ចប្រជុំនេះបានធ្វើឡើង នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីថ្នាក់ដឹកនាំ ស្នងការរង លោក-លោកស្រីនាយការិយាល័យ អធិការតាមបណ្ដាក្រុងស្រុក ដាក់បទបញ្ជាឱ្យកងកម្លាំងនគរបាលទាំងអស់នៅទូទាំងខេត្តបាត់ដំបង។
ឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ ស្នងការនៃស្នងការដ្ឋានខេត្តបាត់ដំបងមានប្រសាសន៍ក្នុងកិច្ចប្រជុំថា កងកម្លាំងគ្រប់ជាន់ថ្នាក់ ថ្នាក់ខេត្ត ក្រុង ស្រុក និងថ្នាក់មូលដ្ឋាន ត្រូវគោរពបញ្ជា ដើម្បីពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋបានសប្បាយរីករាយ ក្នុងឱកាស សង្រ្កាន្តបាត់ដំបងខាងមុខ និងទប់ស្កាត់នូវបទល្មើសផ្សេងៗ។
សង្រ្កាន្តបាត់ដំបងដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៥ កណ្ដាលក្រុងបាត់ដំបង នៅសួនវិមានឯករាជ្យ ក្នុងគោលបំណងបង្កើតភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយមានការរៀបចំឡើង ពីរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង នឹងមានកម្មវិធីសប្បាយៗជាច្រើន។
ក្រោមការដឹកនាំពី ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត ខេត្តបាត់ដំបងបានរៀបចំសង្រ្កាន្តបាត់ដំបងនាឆ្នាំនេះ បានក្លាយ ជាទីក្រុងដែលមានសោភ័ណភាព ថែមទាំងមានការរៀបចំដាក់តាំងបង្ហាញ នូវផលិតផលតាមបណ្តាក្រុង ស្រុកទាំង១៤ ការតាំងបង្ហាញមុខម្ហូប អ្នកបាត់ដំបង ណែមយក្ស ទុរេនយក្ស ដូងខ្ទះយក្ស ក្រូចយក្ស ព្រមទាំងមានតំបន់ត្រជាក់ចិត្ត តំបន់ពាងទឹក និងមានភ្លើងគោមតាមដើមឈើ តាមតំបន់សំខាន់ៗ មានពណ៌ចម្រុះដើម្បីលម្អ និងទាក់ទាញនាពេលរាត្រី មានការបាញ់កាំជ្រួចនៅម៉ោង៧យប់ រយៈពេលចំនួន៣ថ្ងៃ នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ មានការប្រគុំតន្រ្តី ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជាដើម។
កិច្ចប្រជុំបានបញ្ចប់ ឯកឧត្តមនាយឧត្តមសេនីយ៍ទោ ដាញ់ អេញ ប៊ុនចាន់ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា មន្ត្រីនគរបាលដែលបានទទួលភារៈកិច្ចទាំងអស់ គោរពតាមបទបញ្ជា ថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ដើម្បីបានកំសាន្តសប្បាយក្នុងឱកាសសង្ក្រាន្តបាត់ដំបង និងសង្ឃឹមថា ខេត្តបាត់ដំបង នឹងទទួលបានបងប្អូន ប្រជាពលរដ្ឋ ទាំងក្នុងខេត្ត ក្រៅខេត្ត ភ្ញៀវជាតិ អន្តរជាតិមកទស្សនាកំសាន្តបានច្រើនកុះករ ដោយភាពសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕






Post a Comment