អាមេរិក និងអ៊ីរ៉ង់ រាយការណ៍ពីសញ្ញាវិជ្ជមានក្នុងកិច្ចពិភាក្សាបញ្ហានុយក្លេអ៊ែរ ហើយយល់ព្រមជួបគ្នាម្តងទៀត
ប្រភព៖ AFP
រ៉ូម៖ ភាគីទាំងសងខាងបានអះអាងដូចគ្នាថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ សម្រេចបានវឌ្ឍនភាពយ៉ាងប្រសើរ ក្នុងកិច្ចពិភាក្សាជុំទី២ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី១៩ ខែមេសា ហើយបានព្រមព្រៀងជួបគ្នាម្តងទៀត នៅសប្តាហ៍ក្រោយ។
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Abbas
Araghchi បាននិយាយថា កិច្ចពិភាក្សាខាងលើ
ដែលបានប្រព្រឹត្តទៅរយៈពេលជាង ៤ម៉ោង គឺជាជំនួបល្អមួយដែលសម្រេចបានវឌ្ឍនភាព
ដោយភាគីទាំងពីរយល់ដឹងកាន់តែច្បាស់ អំពីគោលការណ៍និងគោលដៅជាច្រើន។
រីឯមន្រ្តីជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយថា អំឡុងជំនួបពិភាក្សាជុំទី២
នៅទីក្រុងរ៉ូម ភាគីទាំងសងខាង សម្រេចបានវឌ្ឍនភាពយ៉ាងប្រសើរ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់
បានឱ្យដឹងថា ទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៊ីនតោន បានយល់ព្រមបន្តជជែកគ្នា
ក្នុងកម្រិតបច្ចេកទេស នៅប៉ុន្មានថ្ងៃខាងមុខ ហើយនឹងបន្តនៅកម្រិតអ្នកចរចាជាន់ខ្ពស់
នាថ្ងៃសៅរ៍សប្តាហ៍ក្រោយ គឺថ្ងៃទី២៦ ខែមេសា។ ប្រទេសអូម៉ង់ បាននិយាយថា
កិច្ចពិភាក្សាជុំទី៣ នឹងប្រព្រឹត្តទៅនៅទីក្រុង Muscat ដែលជាទីតាំងនៃជំនួបជុំទី១ កាលពីមួយសប្តាហ៍មុន។
ទាំងនេះគឺជាកិច្ចពិភាក្សាដំបូងបង្អស់នៅក្នុងកម្រិតខ្ពស់
រវាងគូបដិបក្ខទាំងពីរ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
បានបោះបង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៨។ ក្រុមប្រទេសលោកខាងលិច
រួមមានទាំងសហរដ្ឋអាមេរិក បានចោទប្រកាន់ជាយូរមកហើយថា អ៊ីរ៉ង់ចង់បានអាវុធនុយក្លេអ៊ែរ។
យ៉ាងណាមិញ ទីក្រុងតេហេរ៉ង់ បានបដិសេធម្តងហើយម្តងទៀត ដោយអះអាងថា
កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែបម្រើគោលដៅស៊ីវិលដោយសន្តិភាពប៉ុណ្ណោះ៕
Post a Comment