សហរដ្ឋអាមេរិក នឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួននៅស៊ីរី មកនៅត្រឹមក្រោម ១០០០នាក់
ប្រភព៖ AFP
វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណ បានឱ្យដឹងកាលពីថ្ងៃសុក្រ ទី១៨ ខែមេសា ថាសហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី ឱ្យមកនៅត្រឹមក្រោម ១០០០នាក់ នៅប៉ុន្មានខែមុខនេះ។
ទីក្រុងវ៉ាស៊ីនតោន
បានដាក់ពង្រាយកងទ័ពឱ្យឈរជើងនៅស៊ីរី
ជាពិសេសនៅភាគឦសាននៃប្រទេសអស់រយៈពេលជាច្រើនឆ្នាំមកហើយ
ក្រោមក្របខណ្ឌនៃកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងក្រុម ISIS។ នៅក្នុង សេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean
Parnell បានបញ្ជាក់ថាទោះជាមានការកាត់បន្ថយកងទ័ពក៏ដោយ
ក៏ទីបញ្ជាការកណ្ដាលអាមេរិក នឹងនៅតែបន្តដឹកនាំការវាយប្រហារតាមផ្លូវអាកាស
ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ISIS នៅសេសសល់នៅក្នុងប្រទេសស៊ីរី។
សូមជម្រាបថា កន្លងមក សហរដ្ឋអាមេរិក បានអះអាងថាខ្លួនមានកងទ័ពប្រហែល
៩០០នាក់ ឈរជើងនៅក្នុងប្រទេសស៊ីរី ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម ISIS។ ប៉ុន្តែ មន្ទីរបញ្ចកោណ កាលពីខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា
ចំនួនកងទ័ពនេះត្រូវបានបង្កើនដល់ ២០០០នាក់៕
Post a Comment