ត្រាំ បញ្ជាក់ថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាត
ប្រភព៖ AFP
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១១ ខែមេសា បាននិយាយថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាត មុនកិច្ចពិភាក្សាកម្រិតខ្ពស់ដ៏សំខាន់មួយ នាចុងសប្តាហ៍នេះ រវាងប្រទេសទាំងពីរ ស្តីពីបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។
កាលពីថ្ងៃពុធសប្តាហ៍នេះ លោក ត្រាំ
បានព្រមានម្តងទៀតអំពីលទ្ធភាពប្រើសកម្មភាពយោធាប្រឆាំងអ៊ីរ៉ង់
ប្រសិនបើកិច្ចពិភាក្សាជុំវិញបញ្ហានុយក្លេអ៊ែរ
មិនអាចឆ្ពោះទៅសម្រេចបានកិច្ចព្រមព្រៀង។ ទីក្រុងតេហេរ៉ង់ បាននិយាយថា
ខ្លួនសុខចិត្តផ្តល់ឱកាសពិតប្រាកដមួយ ដល់កិច្ចប្រឹងប្រែងតាមផ្នែកការទូត
ក្នុងការចរចាជាមួយអាមេរិក ទោះបីនៅចំពោះមុខការបន្តដាក់សម្ពាធពីទីក្រុងវ៉ាស៊ីនតោនក៏ដោយ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅលើយន្តហោះ Air
Force One លោក ត្រាំ បាននិយាយដូច្នេះថា «ខ្ញុំចង់ឱ្យអ៊ីរ៉ង់ក្លាយជាប្រទេសអច្ឆរិយអស្ចារ្យមួយ
និងពោរពេញដោយភាពរីករាយ ប៉ុន្តែដាច់ខាតពួកគេមិនអាចមានអាវុធនុយក្លេអ៊ែរឡើយ» ខណៈនៅថ្ងៃសៅរ៍នេះ បេសកជនពិសេសរបស់លោក គឺលោក Steve Witkoff នឹងត្រូវបើកកិច្ចពិភាក្សាជាមួយ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas
Araghchi នៅឯប្រទេសអូម៉ង់៕
Post a Comment