ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលសម្លាប់មន្ត្រីជាន់ខ្ពស់ហាម៉ាស
ហ្គាហ្សា៖ យន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសនៅភាគខាងត្បូងតំបន់កាហ្សា កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មេដឹកនាំនយោបាយជាន់ខ្ពស់របស់ក្រុមហាម៉ាស ឈ្មោះ សាឡា អាល់-បាដាវីល ខណៈមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានរាយការណ៍ថា ចំនួនអ្នកស្លាប់សរុបក្នុងជម្លោះជិត ១៨ខែ បានហក់ឡើងលើសពី ៥០,០០០នាក់។
អំពើហិង្សាបានផ្ទុះឡើងវិញយ៉ាងខ្លាំងនៅហ្គាហ្សា
បន្ទាប់ពីបទឈប់បាញ់រយៈពេលពីរខែបានបញ្ចប់ទៅដោយបរាជ័យ។
អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការវាយប្រហារតាមអាកាស
និងដីទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស កាលពីថ្ងៃអង្គារ។
ក្រុមហាម៉ាសបានបញ្ជាក់ថា លោក បាដាវីល
ដែលជាសមាជិកនៃអង្គភាពសម្រេចចិត្តនយោបាយរបស់ក្រុម
និងជាអតីតប្រធានប្រតិភូចរចាសន្តិភាពជាមួយអ៊ីស្រាអែល
ស្ថិតក្នុងចំណោមអ្នកស្លាប់នៅក្នុងការវាយប្រហារលើទីក្រុងខាន់យូនីស។
ក្រុមនេះបានសន្យាថានឹងបន្តការតស៊ូដើម្បីរំដោះទឹកដី។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន
ណេតានយ៉ាហ៊ូ បានប្រកាសជាញឹកញាប់ថា
គោលដៅចម្បងនៃសង្គ្រាមគឺការបំផ្លាញក្រុមហាម៉ាសជាអង្គភាពយោធា និងគ្រប់គ្រង
ហើយយុទ្ធនាការថ្មីនេះមានគោលបំណងបង្ខំឱ្យក្រុមនេះដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់
ដែលត្រូវបានចាប់ខ្លួននៅក្នុងការវាយប្រហារលើអ៊ីស្រាអែលកាលពីខែតុលា ឆ្នាំ២០២៣។
ក្រុមហាម៉ាសបានចោទអ៊ីស្រាអែលថា
បានបំពានបទឈប់បាញ់ខែមករា ដោយបដិសេធមិនព្រមចរចាបញ្ចប់សង្គ្រាម និងដកទ័ពចេញពីហ្គាហ្សា។
ទោះជាយ៉ាងណាក៏ដោយ ក្រុមនេះបានអះអាងថា ខ្លួននៅតែបើកចំហចំពោះការចរចា
និងកំពុងពិនិត្យលើសំណើសន្តិភាពពីបេសកជនពិសេសរបស់សហរដ្ឋអាមេរិក។
ក្រសួងសុខាភិបាលហ្គាហ្សាបានរាយការណ៍ថា ចំនួនអ្នកស្លាប់សរុបបានកើនដល់ ៥០,០២១នាក់ និងអ្នករងរបួស ១១៣,២៧៤នាក់
ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមមក៕
Post a Comment