ពូទីន ផ្ញើសារគាំទ្រមេដឹកនាំស៊ីរីថ្មី និងសន្យាសហប្រតិបត្តិការជាក់ស្តែងលើគ្រប់បញ្ហា
ប្រភព៖ Reuters
ម៉ូស្គូ៖ វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានផ្ញើសារទៅកាន់មេដឹកនាំស៊ីរី លោក Ahmed al-Sharaa ដោយគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបូរណភាពទឹកដីរបស់ប្រទេសស៊ីរី និងផ្តល់កិច្ចសហប្រតិបត្តិការជាក់ស្តែងរបស់រុស្ស៊ីលើគ្រប់បញ្ហាទាំងអស់។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry
Peskov បានថ្លែងថា លោក ពូទីន បានប្រាប់លោក Sharaa ថា លោក គាំទ្រ «កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យស្ថានការណ៍ក្នុងប្រទេសមានស្ថិរភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន
ក្នុងផលប្រយោជន៍នៃការធានាអធិបតេយ្យភាព ឯករាជ្យភាព ឯកភាព និងបូរណភាពទឹកដី»។
លោក Peskov បានបន្ថែមថា
រុស្ស៊ីត្រៀមខ្លួនជាបន្តក្នុងការ «អភិវឌ្ឍកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយថ្នាក់ដឹកនាំស៊ីរី
លើគ្រប់បញ្ហាទាំងអស់នៅលើរបៀបវារៈទ្វេភាគី
ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរុស្ស៊ី-ស៊ីរី»។
វិមានក្រឹមឡាំង
ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អតីតគ្រួសារលោក អាសាដ ដែលកាន់អំណាចជាង ៥០
ឆ្នាំមកហើយនោះ បាននិយាយកាលពីដើមខែនេះថា ខ្លួនចង់ឃើញស៊ីរីរួបរួមគ្នា និងមានមិត្តភាព
ព្រោះអស្ថិរភាពនៅទីនោះ អាចប៉ះពាល់ដល់មជ្ឈិមបូព៌ាទាំងមូល។
សូមជម្រាបថា ការដួលរលំនៅក្នុងខែធ្នូរបស់របបលោក Bashar al-Assad ចំពោះក្រុមឧទ្ទាមដែលដឹកនាំដោយ លោក Sharaa បន្ទាប់ពីសង្គ្រាមស៊ីវិលរយៈពេល ១៣ ឆ្នាំ បានបង្ខំឱ្យរុស្ស៊ីព្យាយាមពង្រឹងមូលដ្ឋានរបស់ខ្លួននៅក្នុងប្រទេសស៊ីរី។ ទីក្រុងម៉ូស្គូក៏មានការព្រួយបារម្ភ ចំពោះរលកនៃការសម្លាប់រង្គាលនៅក្នុងប្រទេសនេះផងដែរ៕
Post a Comment