អ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា សម្លាប់មនុស្ស ២០នាក់ទៀត
ប្រភព៖ Reuters
ហ្គាហ្សា៖ ក្រុមគ្រូពេទ្យប៉ាឡេស្ទីនបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ២០ នាក់នៅក្នុងតំបន់ហ្គាហ្សានៅថ្ងៃពុធ ខណៈដែលយោធាអ៊ីស្រាអែលបានបន្តការទម្លាក់គ្រាប់បែករបស់ខ្លួន និងបានចេញបញ្ជាថ្មីដល់អ្នកស្រុកឱ្យជម្លៀសចេញពីតំបន់ប្រយុទ្ធ។
អ៊ីស្រាអែល
និងក្រុមហាម៉ាស់បានចោទគ្នាទៅវិញទៅមកពីបទរំលោភបទឈប់បាញ់
ដែលបានផ្ដល់ការសម្រាកដល់ប្រជាជនហ្គាហ្សា ២.៣ លាននាក់ ក្រោយសង្គ្រាម ១៧
ខែដែលបានបំផ្លិចបំផ្លាញតំបន់នេះ និងបង្ខំឲ្យប្រជាជនភាគច្រើនភៀសខ្លួន។
អ៊ីស្រាអែលចោទហាម៉ាស់ថាប្រើជនស៊ីវិលជាខែលមនុស្ស ខណៈហាម៉ាស់បដិសេធ
និងចោទអ៊ីស្រាអែលពីបទទម្លាក់គ្រាប់បែកមិនរើសមុខ។
ក្រសួងសុខាភិបាលហ្គាហ្សាបានរាយការណ៍ថា
ជនបរទេសម្នាក់បានស្លាប់ និងបួននាក់ផ្សេងទៀតបានរងរបួស
នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីតាំងនៃទីស្នាក់ការអង្គការសហប្រជាជាតិ
នៅកណ្តាលទីក្រុងហ្គាហ្សានៅថ្ងៃពុធនេះ។ យ៉ាងណា យោធាអ៊ីស្រាអែលបានបដិសេធនៅក្នុងសេចក្តីថ្លែងការណ៍មួយថា
ខ្លួនមិនបានវាយប្រហារបរិវេណអង្គការសហប្រជាជាតិក្នុងទីក្រុង Deir
al-Balah នោះទេ។ ពួកគេបានបញ្ជាក់ថា
ពួកគេបានវាយប្រហារទីតាំងក្រុមហាម៉ាស់នៅភាគខាងជើងហ្គាហ្សា
ជាកន្លែងដែលខ្លួនបានរកឃើញការរៀបចំសម្រាប់ការបាញ់ចូលទៅក្នុងទឹកដីអ៊ីស្រាអែល។
យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃអង្គារ បានសម្លាប់មនុស្សជាង ៤០០ នាក់
ដែលជាចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃដ៏ខ្ពស់បំផុតមួយចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ
ដែលបានបញ្ចប់ភាពស្ងប់ស្ងាត់ជាច្រើនសប្តាហ៍ ចាប់តាំងពីបទឈប់បាញ់កាលពីខែមករា។ អ៊ីស្រាអែលបានព្រមានថា
ការវាយប្រហារនេះគឺគ្រាន់តែជាការចាប់ផ្តើម ប៉ុណ្ណោះ៕
Post a Comment