កម្ពុជា-ឡាវ បើកកិច្ចប្រជុំរួមគ្នាលើការសាងសង់ទីតាំងបង្គោលព្រំដែនក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

អត្ថបទ៖ ម៉ាវិន

ខេត្តស្ទឹងត្រែង៖ គណៈកម្មការចម្រុះកិច្ចការព្រំដែន កម្ពុជា-ឡាវ ចុះត្រួតពិនិត្យការសាងសង់រួមគ្នានៅទីតាំងបង្គោលព្រំដែនលេខ០៣៣ និងបន្តពិភាក្សាដោះស្រាយកំណាត់ខ្សែព្រំដែនចន្លោះបង្គោព្រំដែនលេខ០៣២ដល់បង្គោលព្រំដែនលេខ០៣២/៦ នៅភូមិសាស្ត្រខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញ ដែលគណៈកម្មការចម្រុះកិច្ចការព្រំដែន កម្ពុជា-ឡាវ ដឹកនាំដោយឯកឧត្តម ឃុំ ប៉ុណ្ណាប័ន អគ្គនាយក អគ្គនាយកដ្ឋានបច្ចេកទេសកិច្ចការព្រំដែន រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងភាគី ឡាវ ដឹកនាំដោយ ឯកឧត្តម Anousine KHATTIYALATH អគ្គនាយកនៃការិយាល័យគណៈកម្មាធិការព្រំដែនជាតិ ក្រសួងការបរទេស សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

ក្នុងជំនួបពិភាក្សា ទ្វេភាគី គណៈកម្មការចម្រុះកិច្ចការព្រំដែនប្រទេសទាំង២បានវាយតំលៃខ្ពស់ចំពោះបេសកកម្មរបស់គណៈកម្មការចម្រុះកិច្ចការព្រំដែន នៃភាគីទាំងសងខាង គឺបានប្រឹងប្រែងដោយឈរលើគោលការណ៍ស្មើភាពគ្នាចំពោះប្រជាជនទាំង២ ។ បន្ថែមពីនោះ ភាគីទាំង២បានចាត់ទុកបេសកកម្មនេះ គឺជាបេសកកម្មសន្តិភាពជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា ដែលយើងចង់កសាងសន្តិភាពសំរាប់ជាតិទាំងសងខាង គឺផ្តល់ឱកាសឱ្យប្រជាជនរស់នៅសុខដុមរមនា ។

ទៀតសោតពាក់ព័ន្ធនឹងកិច្ចការព្រំដែន ភាគីទាំង២ មានការពេញចិត្តចំពោះវឌ្ឍនភាពរបស់គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ ដែលបានធ្វើការខណ្ឌសីមា និងបោះបង្គោលព្រំដែន ព្រមទាំងបានឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ ដោយឈរលើមូលដ្ឋានយោគយល់គ្នាទៅវិញទៅមក និងដោយសន្តិវិធីផងនោះទៀត ៕










Powered by Blogger.