ត្រាំ ចេញបញ្ជាដាក់ទណ្ឌកម្ម ICC ដោយចោទ ប្រឆាំងអាមេរិក និងអ៊ីស្រាអែល
ប្រភព៖ AFP
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិការមួយ ដើម្បីដាក់ទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលលោកផ្ទាល់ បានចោទថាបានធ្វើការស៊ើបអង្កេតដោយខុសច្បាប់ និងគ្មានមូលដ្ឋានលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
កាលពីឆ្នាំ២០២០ ពោលកាលពីអាណត្តិទី១ លោក ត្រាំ
ក៏ធ្លាប់បានដាក់ទណ្ឌកម្មហិរញ្ញវត្ថុ និងបម្រាមទិដ្ឋាការលើអតីតរដ្ឋអាជ្ញា ICC
លោកស្រី Fatou Bensouda និងមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់តុលាការ
នេះផងដែរ ជុំវិញការស៊ើបអង្កេតពីលើកងទ័ពអាមេរិក ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅអាហ្វហ្កានីស្ថាន។
បទបញ្ជាដែលចុះហត្ថលេខាលោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍
ទី៦ ខែកុម្ភៈ បានបញ្ជាក់ថាតុលាការ ICC ដែលមានមូលដ្ឋានក្នុងទីក្រុងឡាអេ បានរំលោភអំណាចរបស់ខ្លួន
តាមរយៈការចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin
Netanyahu ដែលទើបតែបានជួបលោក ត្រាំ កាលពីថ្ងៃអង្គារកន្លងទៅនេះ។
តាមរយៈបទបញ្ជាប្រតិបត្តិខាងលើ លោក ត្រាំ
បានបញ្ជាឱ្យបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើដំណើរចូលសហរដ្ឋអាមេរិក
ប្រឆាំងបុគ្គលិក ក្រុមមន្ត្រីរបស់ ICC រួមទាំងសមាជិកគ្រួសាររបស់ពួកគេ
ព្រមទាំងអ្នកដែល ត្រូវបានសន្មត់ថាបានជួយដល់ការស៊ើបអង្កេតរបស់តុលាការនេះផងដែរ។
ដោយចង់សំដៅលើការស៊ើបអង្កេតរបស់ ICC
ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមដោយកងទ័ពអាមេរិកក្នុងប្រទេសអាហ្វហ្កានីស្ថាន
និងដោយកងទ័ពអ៉ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា
បទបញ្ជានេះក៏បាននិយាយដែរថាតុលាការអន្តរជាតិមួយនេះបានចូលរួមក្នុងការធ្វើសកម្មភាពខុសច្បាប់
និងគ្មានមូលដ្ឋានប្រឆាំងនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជិត
ស្និទ្ធរបស់សហរដ្ឋអាមេរិក នោះគឺអ៊ីស្រាអែល៕

Post a Comment