ម៉ាឡេស៊ី ចាត់ទុកការជម្លៀសប្រជាជនប៉ាឡេស្ទីនដោយបង្ខំ ជាអំពើបោសសម្អាតជាតិសាសន៍
ប្រភព៖ Reuters
គូឡាឡាំពួ៖ ក្រសួងការបរទេសម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ បាននិយាយថាម៉ាឡេស៊ីចាត់ទុករាល់សំណើទាំងឡាយដែលមានលក្ខណៈបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនផ្លាស់ទីលំនៅ គឺជាទង្វើបោសសម្អាតជាតិសាសន៍ និងបំពានច្បាប់អន្តរជាតិ។
ការលើកបែបនេះ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក
ដូណាល់ ត្រាំ លើកឡើងពីផែនការចង់ឱ្យសហរដ្ឋអាមេរិកត្រួតត្រាតំបន់ហ្កាហ្សា
និងស្នើឱ្យប្រជាជនប៉ាឡេស្ទីនទាំងអស់ចាកចេញទៅកាន់ប្រទេសក្បែរខាង។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ
ក្រសួងការបរទេសម៉ាឡេស៊ី បានកត់សម្គាល់ថា «ម៉ាឡេស៊ី
ប្រឆាំងដាច់ខាតទៅនឹងគ្រប់សំណើទាំងឡាយណាដែលនាំទៅរកការបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនជម្លៀសខ្លួន
ឬផ្លាស់ទីលំនៅចេញពីទឹកដីកំណើតរបស់ពួកគេ។ ទង្វើអមនុស្សធម៌បែបនេះគឺជាអំពើ
បោសសម្អាតជាតិសាសន៍ និងរំលោភបំពានយ៉ាងច្បាស់ក្រឡែតលើច្បាប់អន្តរជាតិ
ព្រមទាំងដំណោះស្រាយជាច្រើនរបស់អង្គការសហប្រជាជាតិ»។ ក្រសួងបន្ថែមថាម៉ាឡេស៊ីគាំទ្រដំណោះស្រាយរដ្ឋ២ ជាមធ្យោបាយឆ្ពោះទៅរកសន្តិភាព
និងស្ថិរភាពយូអង្វែង។
សូមជម្រាបថា លោក
ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី៤ ខែកុម្ភៈ
បាននិយាយអំឡុងសនិ្នសីទសារព័ត៌មានរួមជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល
ក្នុងទីក្រុងវ៉ាស៊ីនតោន ថាសហរដ្ឋអាមេរិកនឹងគ្រប់គ្រងលើតំបន់ហ្កាហ្សា
នៅបន្ទាប់ពីប្រជាជនប៉ាឡេស្ទីន ត្រូវបានជម្លៀស ឬផ្ទេរចេញទៅកាន់បណ្ដាប្រទេសក្បែរខាង។
តាមលោក ត្រាំ សហរដ្ឋអាមេរិកនឹងទទួលខុសត្រូវ លើការបោសសម្អាតគ្រាប់មីន អាវុធ
រួមទាំងអគារ ដែលត្រូវបានបំផ្លាញ ហើយនឹងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ
ដើម្បីប្រែក្លាយហ្កាហ្សាឱ្យក្លាយទៅជាទីក្រុងមាត់សមុទ្រមួយ។
ឆ្លើយនឹងនឹងការលើកឡើងនេះ
បណ្ដាប្រទេសអារ៉ាប់ និងសម្ព័ន្ធមិត្តលោកខាងលិចរបស់សហរដ្ឋអាមេរិកមួយចំនួន
រួមទាំងប្រទេសមានអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើនដូចជាម៉ាឡេស៊ី បានរិះគន់
និងបង្ហាញជំហរប្រឆាំងជំទាស់នឹង ផែនការរបស់លោក ត្រាំ
ដោយពួកគេគាំទ្រដល់ដំណោះស្រាយរដ្ឋ២ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ម៉ាឡេស៊ី
មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយអ៉ីស្រាអែលនោះទេ ហើយលោកនាយករដ្ឋមន្ត្រី Anwar Ibrahim ធ្លាប់បាននិយាយថាលោកនឹងរក្សាទំនាក់ទំនងល្អជាមួយក្រុមអ្នកនយោបាយនៃក្រុមហាម៉ាស
ប៉ាឡេស្ទីន តែមិនមានទំនាក់ទំនងជាមួយអង្គភាពយោធារបស់ហាម៉ាសឡើយ៕

Post a Comment