អ្នកជំនាញច្បាប់ ៖ បទបញ្ជាប្រតិបត្តិរបស់ ត្រាំ អាចនឹងប្រឈមមុខជាមួយតុលាការកំពូល

 ប្រភព៖ Reuters

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកកំពុងប្រឈមមុខនឹងការរិះគន់ និងបណ្តឹងជុំវិញសកម្មភាពរបស់លោក ក្នុងការពង្រីកអំណាចប្រតិបត្តិ។ អ្នកជំនាញច្បាប់ មានការព្រួយបារម្ភថា សកម្មភាពរបស់លោកអាចនឹងបំពានលើរដ្ឋធម្មនុញ្ញ និងនាំឱ្យមានការប្រឈមមុខដាក់គ្នាជាមួយតុលាការកំពូល។

មានបណ្តឹងជាច្រើនកំពុងដំណើរការនៅតុលាការថ្នាក់ក្រោម ដើម្បីប្រឆាំងនឹងសកម្មភាពរបស់លោក ត្រាំ។ ប្រសិនបើបណ្តឹងទាំងនោះត្រូវបានប្តឹងឧទ្ធរណ៍ នោះតុលាការកំពូលនឹងត្រូវសម្រេចចិត្ត លើភាពស្របច្បាប់នៃសកម្មភាពទាំងនោះ។ ការសម្រេចចិត្តរបស់តុលាការកំពូលនឹងមានផលប៉ះពាល់យ៉ាងខ្លាំង ទៅលើអំណាចប្រធានាធិបតី និងតុល្យភាពអំណាចនៅសហរដ្ឋអាមេរិក។

សាស្ត្រាចារ្យច្បាប់នៃសាកលវិទ្យាល័យ Harvard លោក Mark Tushnet បានលើកឡើងថា «រដ្ឋបាល ដូណាល់ ត្រាំ កំពុងធ្វើសកម្មភាពដោយប្រថុយប្រថាន ដោយសន្មតថាតុលាការនឹងមិនអាចទប់ស្កាត់សកម្មភាពរបស់ខ្លួនបានទេ ហើយពួកគេជឿជាក់ថា នឹងទទួលបានការគាំទ្រ»។ ទោះយ៉ាងណា អ្នកជំនាញខ្លះទៀតជឿជាក់ថា តុលាការកំពូលនឹងធ្វើសកម្មភាពដើម្បីរក្សាតុល្យភាពអំណាចរវាងស្ថាប័នប្រតិបត្តិ និងនីតិបញ្ញត្តិ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

អ្នកជំនាញច្បាប់ជាច្រើនយល់ថា សកម្មភាពទាំងនេះគឺជាការរំលោភអំណាច និងអាចនឹងត្រូវបានតុលាការកំពូលត្រួតពិនិត្យ។ សំណួរសំខាន់មួយគឺថាតើតុលាការកំពូលនឹងដើរតួនាទីយ៉ាងណាក្នុងការទប់ស្កាត់សកម្មភាពរបស់លោក ត្រាំ។

សូមជម្រាបថាចាប់តាំងពីចូលកាន់តំណែង លោក ត្រាំ បានចាត់វិធានការជាច្រើនដែលបង្ហាញពីការមិនគោរពចំពោះដែនកំណត់នៃអំណាចប្រធានាធិបតី។ សកម្មភាពទាំងនោះ រួមមានការប៉ុនប៉ងរឹតត្បិតសិទ្ធិពលរដ្ឋ ការកាត់បន្ថយថវិកាជាតិដែលអនុម័តដោយសភា និងការបណ្តេញមន្ត្រីជាន់ខ្ពស់ជាដើម៕



 

Powered by Blogger.