ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជេីញសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការសាលារៀន ១ខ្នង ដែលជាអំណោយសប្បុរសធម៌ពីប្រជាពលរដ្ឋជប៉ុន
អត្ថបទ៖ ស៊ាន ច័ន្ទដា
ខេត្តក្រចេះ ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី ០៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជេីញសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ សាលារៀនមួយខ្នងមាន ៣បន្ទប់ និងបង្គន់អានាម័យចំនួន២បន្ទប់ ដែលជាអំណោយរបស់សប្បុរសធម៌ ពីបងប្អូនប្រជាពលរដ្ឋជប៉ុន ហេីយជាតម្រូវការចាំបាច់សម្រាប់ក្នុងការសិក្សាពីកូនៗ និងចៅៗនាពេលបច្ចុប្បន្ន នៅភូមិមិល ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
ពិធីនេះមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវអមដំណេីរ រួមនិងឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម គង់ គឹមនី អភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងលោក អ៊ូ សុប៊ុនណា ស្នងការខេត្ត អធិការស្រុកស្នួល លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងលោក សាម ណាល់ អភិបាល នៃគណៈអភិបាលស្រុកស្នួល ព្រមទាំងលោក លោកស្រី មេបញ្ជាការ មេបញ្ជាការរងនៃកងកម្លាំងទាំងបីប្រភេទ រួមនិងបងប្អូនប្រជាពលរដ្ឋ អាណាព្យាបាលសិស្សានុសិស្ស ជាង៣០០នាក់។
លោកប្រធានសមាគមជំនួញខ្មែរនៃសតវត្សទី២១ អញ្ជេីញថ្លែង អំណរគុណដល់សប្បុរសជននានាចំពោះបងប្អូនជប៉ុន ដែលបានជួយគាំទ្រ នូវដំណេីរការសាងសង់សាលារៀន សម្រេចបានរួចរាល់ជាស្ថាពរ រហូតមកដល់ថ្ងៃ សម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ នាឱកាសនេះ។
លោក សុន ណេជិ ណេហ្គិសិ ជនជាតិជប៉ុន មានប្រសាសន៍ បានថ្លែងអបអរសាទរ ដល់អាណាព្យាបាល ចំពោះកូនៗ និងចៅៗ ទាំងអស់នៅក្នុងភូមិ មិល ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដោយបានសាលាថ្មីប្រកបដោយគុណភាព ហេីយសូមឱ្យកូនៗនិងចៅៗទាំងអស់ ចូរខិតខំសិក្សា និងរៀនសូត្រគ្រប់ៗគ្នាយកចំណេះដឹងឱ្យបានល្អប្រសេីរ និងបន្តទៅមុខទៀតប្រកបដោយប្រសិទ្ធភាព និងជាទំពាំងស្នងឫស្សីក្នុងអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា បានថ្លែងអំណរអរគុណ ដល់សប្បុរសជន ជប៉ុន ដែលជួយទំនុបបម្រុង គាំទ្រ សាងសង់ជាសាលារៀន និងសមិទ្ធផលនានា ជូនសម្រាប់កូនៗ ចៅៗ នៅក្នុងភូមិមិល ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះដោយចិត្តជ្រះថ្លា និងការអភិវឌ្ឍន៍ផ្នែកសិក្សាឱ្យមានការរីកដុះដាលនៅក្នុងមូលដ្ឋាន ដោយសក្តានុពលដេីម្បីជួយ អភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចិរភាពនាពេលអនាគត និងបានជូនលិខិតសរសេីរដល់ថ្នាក់ដឹកនាំខេត្ត ស្រុក និងអាជ្ញាធរ ឃុំ ហេីយនិង លោក គ្រូ អ្នកគ្រូ នៅមូលដ្ឋានផងដែរ។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានមានប្រសាសន៍លេីកទឹកចិត្ត និងផ្តល់ជូនដល់សាលា ជាទូរទស្សន៍ សម្រាប់ទទួលព័ត៌មាន និងចំណេះដឹងពីថ្នាក់ជាតិ និងពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកនាំប្រទេសជាតិមានការរីកចម្រេីនរហូតនាពេលបច្ចុប្បន្ន៕




















Post a Comment