រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញប្រធានមន្ទីរបរិស្ថានខេត្តក្រចេះថ្មី ត្រូវបង្កើនកិច្ចសហការគ្នាឱ្យបានល្អជាមួយអាជ្ញាធរនិងអង្គការដៃគូ

អត្ថបទ៖ ស៊ាន ច័ន្ទដា

ខេត្តក្រចេះ៖ នារសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជេីញ ចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានថ្មីនៅខេត្តក្រចេះ ។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលមហោស្រពខេត្ក្រចេះ និងដោយចូលរួម ពីសំណាក់ ឯកឧត្តម លោក ជំទាវ អមដំណេីរ រួមនិងឯកឧត្តម អភិបាលរងខេត្តក្រចេះ និងលោក លោកស្រី ជាអភិបាល អភិបាលរងស្រុក ទាំង៧ ព្រមទាំងកងកម្លាំងទាំងបីប្រភេទ រួមអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ជាង៤០០នាក់។

ជាមួយគ្នានេះ ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្ត តំណាង ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានមានប្រសាសន៍ ក្រេីនរំលឹក ដល់ លោក គារ  ប៊ូរ ជាប្រធានទេីបចូលកាន់ដំណែង នៅមន្ទីរបរិស្ថានខេត្តក្រចេះ  សូមអនុវត្តន៍ការងារប្រកបដោយជោជ័យ និងមានប្រសិទ្ធភាព ហេីយខិតខំអនុវត្តឱ្យបាននូវគោលការណ៍ របស់ក្រសួងបរិស្ថាន ពិសេស អនុវត្តឱ្យមានប្រសិទ្ធភាព នៅគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  ។

ឯកឧត្តម ហង់ ចាន់ឌី មានប្រសាសន៍បន្តថា ៖  ខេត្តក្រចេះសម្បូរដោយសម្បត្តិធម្មជាតិ ជាពិសេសរមណីយដ្ឋានធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្តជាច្រើន ដែលប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ទើបទទួលភារកិច្ចថ្មី ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ឲ្យបានល្អបំផុត ជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយអាជ្ញាធរមូលដ្ឋាន  អនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយ និងមានតម្លាភាព   ។

ក្នុងឱកាសនេះដែរ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត មានសាសន៍ នែ នាំបន្ថែមថា សូម លោក គារ ប៊ូ ដែលក្រសួងបានតែងតាំងមកគ្រប់គ្រងនៅមន្ទីរ បរិស្ថាន ខេត្តក្រចេះ ត្រូវយកចិត្តទុកដាក់ និងអនុវត្តការងារឱ្យបានមេីងម៉ាត់បំផុត និងមានប្រសិទ្ធភាពស្របតាមច្បាប់ដែលចែងក្នុងការអនុវត្តន៍ការងារ តាមជំនាញ។  មួយវិញទៀត ការសម្រេចឲ្យបាននូវភាពស្អាតល្អនិង ធ្វើឱ្យទីសាធារណៈគ្មានសំរាម សំណល់ប្លាស្ទិក បង្កើនឲ្យមានទម្លាប់ល្អជាមួយសិស្សានុសិស្ស និងជំរុញឱ្យប្រជាពលរដ្ឋ មានការចូលរួម ចេះក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងមិនឱ្យមាន តាមផ្លូវជាតិយេីងឡេីយ ។  

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ភាពស្អាតនៅក្នុងខេត្តក្រចេះ គឺជា ការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តបានច្រើនឡើងថែមទៀតនៅក្នុងរយៈពេលខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្តែមថា ប្រធានមន្ទីរបរិស្ថានថ្មី ត្រូវបន្តយកចិត្តទុកដាក់អនុវត្តច្បាប់  ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសកាប់ រុករាន ដីព្រៃធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងទឹកដីខេត្តក្រចេះយេីង ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ សម្រាប់ការអភិវឌ្ឍដោយចីរភាពរហូតទៅអនាគត  ។    

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍បន្តទៀតថា ៖ ក្រសួងបរិស្ថាន នឹងអាចផ្តល់ជូនដ្រូន ចំនួន ៥ គ្រឿង និងអាចបន្ថែមបានលេីសពីនេះ ដល់មន្ទីរបរិស្ថានខេត្តក្រចេះ ដើម្បីជួយសម្រួលការងារល្បាតព្រៃរបស់មន្ត្រីឧទ្យានុរក្ស ដែលមានកម្លាំងតិច បើធៀបជាមួយទំហំផ្ទៃដីព្រៃដ៏ធំ ៗនៅខេត្តក្រចេះ យេីង ។

សូមបញ្ជាក់ផងដែរ លោក គារ ប៊ូ ត្រូវបានតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តក្រចេះថ្មី ជំនួសលោក ឆាយ ដួងសាវធដែលត្រូវទទួលភារកិច្ចថ្មី នៅក្រសួងបរិស្ថាន  ។ 

លោក គារ ប៊ូ បានធ្វេីការប្តេជ្ញាចិត្តគោរព និងខិតខំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ហេីយរឹតចំណងសាមគ្គីផ្ទៃក្នុង ដេីម្បី អនុវត្តការងារ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់៕


















Powered by Blogger.