អាជ្ញាធរជាតិអប្សរា ស្នើឱ្យបញ្ឈប់ការផ្តល់ចំណី ចៀសវាងប៉ះពាល់ ឬលេងជាមួយសត្វស្វា ក្នុងតំបន់រមណីយដ្ឋានអង្គរ
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានស្នើដល់សាធារណជននៅឱ្យឆ្ងាយ បញ្ឈប់ការផ្តល់ចំណី ចៀសវាងប៉ះពាល់ ឬលេងជាមួយសត្វស្វា ក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល អាជ្ញាធរជាតិអប្សរា
ក្នុងរយៈកាលថ្មីៗនេះ ចំនួនសត្វស្វានៅក្នុងតំបន់រមណីយដ្ឋានអង្គរ
មានការកើនឡើងគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន
តាមរយៈការផ្តល់ចំណីជាប្រចាំរបស់ក្រុមបុគ្គលមួយចំនួនតូច ក្នុងគោលបំណងផលិតមាតិកា
ជាប្រយោជន៍ផ្ទាល់ខ្លួន បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា
ពីសត្វព្រៃ ទៅជាសត្វស្រុក ដែលមានចរិតកាច ចេះដណ្ដើមចំណី
និងឈានរហូតដល់ការបង្កជារបួសស្នាម ទៅលើមនុស្សជាដើម។
ក្នុងគោលដៅដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងករណីខាងលើនេះ
អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជិតស្និទ្ធជាមួយស្ថាប័នជំនាញនានា
របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចជា រដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបជាដើម
បានប្រជុំពិភាក្សាគ្នាជាបន្តបន្ទាប់ឈានទៅរកការអនុវត្តវិធានការចាំបាច់នានា
នាពេលខាងមុខ។
មួយវិញទៀត នាពេលកន្លងមក
ទាំងអាជ្ញាធរជាតិអប្សរា និងស្ថាប័នជំនាញខាងលើ បានចេញជាសេចក្តីប្រកាសព័ត៌មានអំពីបញ្ហានេះ
អមដោយ ការអំពាវនាវជាសាធារណៈ ស្នើសាធារណជនទាំងអស់ មេត្តានៅឱ្យឆ្ងាយពីសត្វស្វា
បញ្ឈប់ការផ្តល់ចំណី ចៀសវាងប៉ះពាល់ ឬលេងជាមួយសត្វស្វា ជាដើម។
ជាថ្មីម្តងទៀត អាជ្ញាធរជាតិអប្សរា
បានស្នើសាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ ទេសចរណ៍
និងប្រតិបត្តិករវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបទាំងអស់
មេត្តាជួយផ្សព្វផ្សាយនូវខ្លឹមសារនេះ ក៏ដូចជាណែនាំ និងបញ្ឈប់នូវសកម្មភាពណាមួយ
ដែលអាចនាំមកនូវបញ្ហាបង្កឡើងដោយសត្វស្វាជាយថាហេតុ។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា
នឹងបន្តកិច្ចសហការជាមួយផ្នែកជំនាញពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ដើម្បីស្វែងរកដំណោះស្រាយសមរម្យ ក្នុងការបញ្ចៀសនូវបញ្ហាផ្សេងៗក្នុងឧទ្យានអង្គរ
ដែលបង្កឡើងដោយសត្វស្វា៕
Post a Comment