រុស្ស៊ីទាមទារឱ្យអាមេរិកបញ្ជាក់ជំហរច្បាស់លាស់ លើដំណោះស្រាយជម្លោះអ៊ុយក្រែន
ប្រភព៖ Reuters
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក
ចាំបាច់ត្រូវកំណត់គោលនយោបាយរបស់ខ្លួន ឱ្យបានច្បាស់លាស់
ស្តីពីការបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
បើទោះបីជា
មានការលើកឡើងពីលទ្ធភាពនៃកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ
និងប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏ដោយ ក៏មិនទាន់មានការសន្ទនាតាមទូរសព្ទរវាងមេដឹកនាំទាំងពីរនៅឡើយទេ
ចាប់តាំងពីលោក ត្រាំ ចូលកាន់តំណែង
នេះបើតាមការបញ្ជាក់ជាសាធារណៈរបស់មន្ត្រីនៃភាគីទាំងសងខាង។
ក្រសួងបានបញ្ជាក់ថា
ទីក្រុងម៉ូស្គូត្រៀមខ្លួនជាស្រេច ក្នុងការវាយតម្លៃជំហររបស់អាមេរិកដោយ
ផ្អែកលើសកម្មភាពជាក់ស្តែង ជាជាងវោហាសាស្ត្រពីសំណាក់រដ្ឋបាលថ្មីរបស់អាមេរិក។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA
របស់រុស្ស៊ីបានដកស្រង់សម្តី សមាជិកសភាជាន់ខ្ពស់ម្នាក់ ដោយលើកឡើងថា
ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ រវាងលោក ពូទីន និងលោក ត្រាំ កំពុងស្ថិតក្នុង «ដំណាក់កាលជឿនលឿន»។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria
Zakharova បានថ្លែងថា ទីក្រុង ម៉ូស្គូបានឮសម្តី
និងសេចក្តីថ្លែងការណ៍ជាច្រើនពីទីក្រុងវ៉ាស៊ីនតោនស្តីពីអ៊ុយក្រែន។
ប៉ុន្តែសម្រាប់ពេលនេះ មិនទាន់មានភាពច្បាស់លាស់អំពីអ្វីដែលសហរដ្ឋអាមេរិករំពឹងទុក
ក្នុងការស្វែងរកកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះនៅទីនោះ នោះទេ៕

Post a Comment