ត្រាំ អះអាងថាបានជជែកជាមួយលោក ស៊ី ជីនពីង តាំងពីថ្ងៃស្បថចូលកាន់តំណែង

ប្រភព៖ Reuters

វ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថារូបលោកបានជជែកជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ចាប់តាំងពីស្បថចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែមករា ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីប្រធានបទនៃកិច្ចសន្ទនានេះនោះទេ។

លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox news ចាក់ផ្សាយកាលពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈ។ នៅពេលត្រូវបានសាកសួរថាតើលោកពិតជាបានបើកកិច្ចសន្ទនា ជាមួយមេដឹកនាំចិន ចាប់តាំងថ្ងៃស្បថចូលកាន់តំណែងមក ឬក៏យ៉ាងណា? លោក ត្រាំ បានលើកឡើងថា «ជាការពិតណាស់...ខ្ញុំបានជជែកជាមួយគាត់ (លោក ស៊ី ជីនពីន) ហើយខ្ញុំក៏បាន ជជែកជាមួយក្រុមមន្ត្រីរបស់គាត់ដែរ។ យើងមានទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អប្រសើរ»

ទោះយ៉ាងណាលោក ត្រាំ មិនបានបញ្ជាក់ថាតើលោកបានសន្ទនាជាមួយលោក ស៊ី ជីនពីង តាំងពីថ្ងៃណាឱ្យប្រាកដនោះទេ។ ប៉ុន្តែ កាលពីសប្ដាហ៍មុន លោក ត្រាំខ្លួនឯងបាននិយាយថាលោកមិន ប្រញាប់ប្រញាលដើម្បីសន្ទនាជាមួយលោក ស៊ី ជីនពីង ជុំវិញការបន្ធូរបន្ថយកម្ដៅនៃសង្រ្គាមពាណិជ្ជកម្មថ្មីមួយរវាងមហាអំណាចសេដ្ឋកិច្ចទាំង២ នោះឡើយ៕



 

Powered by Blogger.