រដ្ឋមន្រ្តី ប៉េង ពោធិ៍នា អញ្ជើញក្នុងពិធីផ្ទេរ និងប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល
ខេត្តកណ្តាល៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ អញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ និងប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្តកណ្តាល ព្រមទាំងមន្រ្តីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ជាច្រើនរូប។
ពិធីនេះធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ លើការសម្រួលភារកិច្ច លោក បូរី វង្សសានិត្យ អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ដែលត្រូវបានផ្ទេរ និងតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និង លោក ម៉ឹង យូឡេង អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដែលត្រូវបានផ្ទេរទៅកាន់មន្ទីរខេត្តព្រះសីហនុ។
ថ្លែងក្នុងអង្គពិធីនាឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមអបអរសាទរចំពោះលោក បូរី វង្សសានិត្យ ដែលត្រូវបានផ្ទេរ និងតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នាពេលនេះ និងណែនាំឱ្យលោកប្រធានមន្ទីរថ្មីប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម ជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោមឱវាទ ពិសេសជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យ និងទិសដៅការងាររបស់ក្រសួង ក៏ដូចជាខេត្តផ្ទាល់ ដែលបានដាក់ចេញឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក ម៉ឹង យូឡេង អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដែលកន្លងមកលោកបានដឹកនាំ និងគ្រប់គ្រងមន្ទីរប្រព្រឹត្តទៅដោយភាពរលូន និង សម្រេចសមិទ្ធផលជាច្រើនជូនខេត្ត លើវិស័យសាធារណការ និងដឹកជញ្ជូន ប្រកបដោយភាពរីកចម្រើនគួរជាទីមោទនៈ ទាំងទៅលើការពង្រឹងប្រសិទ្ធភាពការងារ ការលើកកម្ពស់សមត្ថភាពស្ថាប័ន ការធានាការផ្តល់សេវាសាធារណៈជូន សាធារណជន និងការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងដែនសមត្ថកិច្ច។







Post a Comment