អ៊ុយក្រែន បើកការវាយប្រហារដោយដ្រូនលើទីតាំងថាមពលរុស្ស៊ី, រោងចក្រចម្រាញ់ប្រេង និងឧស្ម័នរងការឆាបឆេះ

 ប្រភព៖ Reuters

កៀវ៖ អ៊ុយក្រែន បានវាយប្រហារទីតាំងថាមពលនៅភាគខាងត្បូង នៃប្រទេសរុស្ស៊ីដោយ ប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) រាប់សិបគ្រឿង កាលពីយប់ថ្ងៃចន្ទ បណ្តាលឱ្យមានអគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេង និងរោងចក្រកែច្នៃឧស្ម័នដ៏សំខាន់មួយ។

ចាប់តាំងពីរុស្ស៊ីបានបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែន ក្នុងឆ្នាំ ២០២២ ទីក្រុងកៀវបានព្យាយាមវាយបក ដោយប្រើប្រាស់យន្តហោះដ្រូន និងមីស៊ីលវាយប្រហារចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី។ រុស្ស៊ីចាត់ទុកការវាយប្រហារទាំងនេះថា ជាអំពើភេរវកម្ម និងជាការកើនឡើងនៃសង្គ្រាម ហើយថាលោកខាងលិចកំពុងជួយដល់ការវាយប្រហារទាំងនេះ ដោយអាវុធ និងព័ត៌មានសម្ងាត់។ មន្ត្រីអ៊ុយក្រែនអះអាងថា ខ្លួនមានសិទ្ធិវាយបកមកលើ រុស្ស៊ីវិញ ព្រោះហេដ្ឋារចនាសម្ព័ន្ធថាមពល ការដឹកជញ្ជូន និងយោធារបស់រុស្ស៊ី គឺជាគន្លឹះនៃ កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងម៉ូស្គូ។

ក្រសួងការពារជាតិរុស្ស៊ីឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូន អ៊ុយក្រែនចំនួន ៧០ គ្រឿង ពេញមួយយប់ថ្ងៃចន្ទ ក្នុងនោះ ២៥គ្រឿងនៅតំបន់ Volgograd, ២៧គ្រឿងនៅតំបន់ Rostov និង ៧ គ្រឿងនៅតំបន់ Astrakhan

អភិបាលតំបន់ Volgograd លោក Andrei Bocharov ឱ្យដឹងថា បំណែកដ្រូនដែលធ្លាក់ទាំងនោះ បានបណ្តាលឱ្យមានអគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេងមួយកន្លែង ដែលធំជាងគេនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី គ្រប់គ្រងដោយក្រុមហ៊ុន Lukoil។ ស្របពេលជាមួយគ្នា នៅតំបន់ Astrakhan ដ្រូន បានព្យាយាមវាយប្រហារទីតាំងថាមពល​ ក៏បណ្តាលឱ្យមានអគ្គិភ័យផងដែរ។

ដោយឡែក យោធាអ៊ុយក្រែនបានរាយការណ៍ពីការផ្ទុះ និងអគ្គិភ័យនៅឃ្លាំងប្រេង Kristal ដែល ផ្គត់ផ្គង់ប្រេងដល់អាកាសយានដ្ឋានយោធា Engels-2 ដោយអះអាងថា នឹងបង្កបញ្ហាភស្តុភារធ្ងន់ធ្ងរ ដល់អាកាសចរណ៍យុទ្ធសាស្ត្ររបស់រុស្ស៊ី៕



 

Powered by Blogger.