អ៊ុយក្រែន ទទួលបានយន្តហោះចម្បាំងជាលើកដំបូង ពីបារាំង
ប្រភព៖ AFP
ប៉ារីស៖ រដ្ឋមន្រ្តីការពារជាតិបារាំង លោក Sebastien Lecornu បានប្រកាសឱ្យដឹងថា បារាំងបានប្រគល់យន្តហោះចម្បាំងស៊េរី Mirage 2000-5 ប៉ុន្មានគ្រឿងដំបូង ឱ្យទៅដល់ដៃអ៊ុយក្រែនហើយ ដើម្បីជួយទីក្រុងកៀវ ការពារដែនអាកាស ពីការវាយប្រហាររបស់រុស្ស៉ី។
លោក Lecornu បាននិយាយថា
យន្តហោះចម្បាំង Mirage 2000-5 ដំបូងបំផុត បានទៅដល់អ៊ុយក្រែន
កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់ថា យន្តហោះនោះប៉ុន្មានគ្រឿង
ត្រូវបានប្រគល់ដល់ដៃអ៊ុយក្រែនឡើយ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ
ហ្សេលេនស្គី បានសាទរការទទួលបានយន្តហោះចម្បាំងពីបារាំង និងអរគុណប្រធានាធិបតីបារាំង
លោក Emmanuel Macron សម្រាប់ការគោរពតាមពាក្យសន្យា។
លោក Macron បានប្រកាសពីបំណងផ្តល់យន្តហោះចម្បាំង
Mirage ខាងលើ ឱ្យទៅអ៊ុយក្រែន តាំងពីខែមិថុនា ឆ្នាំ២០២៤
ហើយប៉ុន្មានខែមកនេះ ទីក្រុងប៉ារីសបានផ្តល់ការបណ្តុះបណ្តាល
ឱ្យក្រុមអាកាសយានិកអ៊ុយក្រែន។
បើយោងតាមរបាយការណ៍កញ្ចប់ថវិកា
ដែលចេញដោយសភាជាន់ទាបបារាំង កាលពីចុងឆ្នាំមុន ក្នុងចំណោមយន្តហោះ Mirage
2000-5 សរុប២៦គ្រឿង ដែលជាកម្មសិទ្ធិរបស់កងទ័ពអាកាសបារាំង
៦គ្រឿងនឹងត្រូវផ្ទេរឱ្យទៅអ៊ុយក្រែន។ យ៉ាងណាមិញ ក្រសួងការពារជាតិបារាំង មិនបានបដិសេធឬទទួលស្គាល់
តួលេខនេះឡើយ ដោយសារហេតុផលពាក់ព័ន្ធបញ្ហាសន្តិសុខ៕

Post a Comment