ចិនបន្តផ្តល់ជំនួយឥតសំណង ៤.៤លានដុល្លារសម្រាប់គាំទ្រដល់ការបោសសម្អាតមីន នៅកម្ពុជា
ភ្នំពេញ៖ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយឥតសំណង ជូនរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីគាំទ្រដល់អង្គភាព CMAC ក្នុងការបោសសម្អាតមីននៃ «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» (The China-Aided Cambodia Landmine Elimination Projection) មានថវិកាសរុបចំនួន៤ ៤០០ ០០០ដុល្លារអាមេរិកសម្រាប់រយៈពេល១២ខែ (០១ មីនា ២០២៥-២៩ កុម្ភៈ ២០២៦) ដោយគាំទ្រកិច្ចប្រតិបត្តិការចំនួន៧ខេត្តរួមមាន ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ព្រមទាំងមណ្ឌលសុនខស្ថិតនៅខេត្តកំពង់ឆ្នាំង។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC)។
ឯកឧត្តមបញ្ជាក់ថា គម្រោងនេះ
គាំទ្រអ្នកជំនាញបច្ចេកទេសជាង ៤០០នាក់របស់អង្គភាព CMAC និងត្រូវអនុវត្តកិច្ចប្រតិបត្តិការសកម្មភាពសំខាន់ៗមួយចំនួនដូចជា៖
១៖ ការបោសសម្អាតផ្ទៃដីដែលមានបញ្ហាគ្រាប់មីន
និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្រ្គាម ចំនួនជាង៣ ៤០០ហិកតា, ២៖
ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្ក្រាមនិងគ្រាប់បែកចង្កោម
តាមខេត្តគោលដៅខាងលេី, ៣៖
ពង្រឹងសមត្ថភាពវិទ្យាស្ថានបច្ចេកទេសសុនខ និង៤៖
ពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការអប់រំគ្រោះថ្នាក់ដោយសារមីន
និងសង្គ្រោះជនពិការដោយសារមីន។
បើតាមឯកឧត្តម ហេង រតនា
គម្រោងជំនួយឥតសំណងរបស់ប្រជាជននិងរដ្ឋាភិបាលចិន «គម្រោងជំនួយចិន លុបបំបាត់គ្រាប់មីននៅកម្ពុជា»
ក្នុងឆ្នាំ២០២៥នេះ ជាជំនួយឆ្នាំទី៣នៃដំណាក់កាលទី៣ (មីនា
ឆ្នាំ២០២៣ ដល់កុម្ភៈ ឆ្នំា២០២៦) ដែលមានកញ្ចប់ថវិកាសរុបចំនួន ១៣ ២០០ ០០០
ដុល្លារសហរដ្ឋអាមេរិក។
ទន្ទឹងនឹងនេះ បេីគិតចាប់ពីឆ្នាំ២០១៨
មកដល់ត្រឹមខែធ្នូ ឆ្នាំ២០២៤ គម្រោងនេះ អង្គភាព CMAC សម្រេចបាននូវលទ្ធផលដូចខាងក្រោម៖
- រំដោះផ្ទៃដីសរុបចំនួនជាង១៥ ០៦០ ហិកតា
- រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្រ្គាមសរុបចំនួន ៨២ ៨៤៤
គ្រាប់។
- ឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាសំណូមពរបន្ទាន់ៗសរុបចំនួន
៦ ៦៦៨ សំណើ។
- អប់រំផ្សព្វផ្សាយអំពីគ្រោះដោយសារគ្រាប់មីន
និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋសរុបចំនួនជាង ១ ៨៦៦ ៧០០នាក់។
- ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋផ្ទាល់និងប្រយោលសរុបចំនួនជាង ២ ៤៨៥
៣០០នាក់៕
Post a Comment