រដ្ឋមន្រ្តី ថោ ជេដ្ឋា បើកកិច្ចប្រជុំលើកទី២ របស់សមាជិកនៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកទី២ របស់សមាជិកនៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំលើកទី២នាពេលនេះគឺក្នុងគោលបំណងដើម្បី ទី១-បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ ទី២-ធ្វើបទបង្ហាញចែករំលែកបទពិសោធន៍នៃការរៀបចំផែនការគ្រប់គ្រងអាងទន្លេ និងទី៣-បន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួង ស្ថាប័ន ក្នុងការគ្រប់គ្រងអាងទន្លេប្រកបដោយចីរភាព។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ គណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដែលមានលេខាធិការដ្ឋានជាសេនាធិការ បានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ នៅក្នុងការរៀបចំកិច្ចប្រជុំសមាជិកគណៈកម្មាធិការគ្រប់គ្រងអាងទន្លេ ការផលិតឯកសារបច្ចេកទេសសម្រាប់ការគ្រប់គ្រងអាងទន្លេ ការបង្កើតក្រុមការងារព្រឹត្តិបត្រព័ត៌មានប្រតិបត្តិការទំនប់សំខាន់ៗ ការជំរុញផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការគ្រប់គ្រងអាងទន្លេដល់ថ្នាក់ខេត្ត ការជួយសម្របសម្រួលរៀបចំបង្កើតគណៈកម្មាធិការគ្រប់គ្រងអាងទន្លេថ្នាក់ខេត្ត និងការអនុវត្តពង្រឹងវិធានការច្បាប់នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ នៅអាងទន្លេមេគង្គ អាងស្ទឹងព្រែកត្នោត និងអាងស្ទឹងមង្គលបូរី។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ការងារគ្រប់គ្រងអាងទន្លេនៅជួបបញ្ហាប្រឈមមួយចំនួន ហើយដែលទាមទារឱ្យមានការចូលរួមពីអន្តរក្រសួង និងភាគីពាក់ព័ន្ធពីវិស័យផ្សេងៗ រួមទាំងទីភ្នាក់ងាររដ្ឋាភិបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពិភាក្សា ធ្វើផែនការ ស្វែងរកដំណោះស្រាយ និងពង្រឹងយន្តការសម្របសម្រួលធានាដល់ការអនុវត្តគោលនយោបាយ និងកម្មវិធីប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កន្លងមក ដោយសារតែមានយន្តការនៃការគ្រប់គ្រងអាងទន្លេបានល្អប្រសើរនិងគ្រប់ជ្រុងជ្រោយ គឺអាចជួយសម្រួល និងជួយដោះស្រាយបានជាអតិបរមាទៅដល់ការងារអន្តរាគមន៍ទឹកសម្រាប់ការបង្កបង្កើនផលស្រូវរដូវប្រាំង និងការប្រើប្រាស់ទឹករបស់បងប្អូនប្រជាកសិករនាដើមរដូវប្រាំងឆ្នាំ២០២៥នេះ៕





Powered by Blogger.